(ភ្នំពេញ)៖ ម្ចាស់ផ្ទះវ័យចំណាស់រងគ្រោះ ដោយសារអ្នកជិតខាងធ្វើរបងពីឥដ្ឋ និងដែកបិទច្រក ចេញ-ចូល ផ្ទះមួយគ្រួសារ តាមរយៈ Fresh News បានអំពាវនាវសុំអោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៏បានបើកច្រកទ្វារចូលផ្ទះរបស់ខ្លួនឡើងវិញ ខណៈកន្លងមកខ្លួន បានប្ដឹងទៅអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ អោយជួយដោះស្រាយជាច្រើនលើកច្រើនសារ តែមិនបានជោគជ័យសោះឡើយ។
លោកតា ហួរ វ៉ន និងភរិយា គង់ វ៉ារី ដែលជាម្ចាស់ផ្ទះរងគ្រោះ មានទីតាំងនៅផ្ទះលេខ១៤៥១ ក្រុមទី១៦ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ថាគាត់បានមកទិញផ្ទះខាងលើ រស់នៅតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះដោយផ្ទះធ្វើពីឈើ និងមានរបងឈើ។
បន្ទាប់មកខ្លួន បានរុះរបងឈើចេញ ហើយធ្វើរបងថ្ម និងធ្វើទ្វារដែកនៅលើទីតាំងចាស់សំរាប់ចេញ ចូលទៅកាន់ផ្លូវលំសាធារណៈជាធម្មតាមិនមានបញ្ហាអ្វីឡើយ។ លុះនៅឆ្នាំ២០១៦ ខ្លួនក៏បានរុះរើផ្ទះឈើចេញសាងសង់ផ្ទះថ្មជំនួស រួចហើយក៏រុះរើរបងថ្មនិងទ្វារដែកចាស់ចេញដាក់ទ្វារដែកថ្មី បើកចូលទៅខាងក្នុង មិនអោយទើសមកលើផ្លូវរួមនោះ ឡើយក្នុងបំណងពង្រីកមាត់ទ្វារផ្ទះ អោយធំងាយស្រួលចេញ ចូល ស្រាប់តែភាគីអ្នកមានផ្ទះជាប់ព្រំដែលស្ថិត នៅជាប់នឹងផ្លូវទាល់ខាងក្នុងមានឈ្មោះសុខ ហ៊ុន និងកូនមានឈ្មោះលឹម ស៊្រុន និង ប៉ែន សុវណ្ណសុខស៊ីថា ចេញមករារាំងមិនអោយធ្វើទ្វារផ្ទះ បើកមុខអោយធំនោះឡើយ ដោយលើកហេតុផលមិនសមស្របថានាំអោយប៉ះពាល់ដល់ការចេញ ចូលផ្ទះរបស់ខ្លួនទៅវិញ។ មិនតែប៉ុណ្ណោះម្ចាស់ផ្ទះ ដែលជំទាស់ខាងលើបាននាំគ្នាធ្វើរបងពីឥដ្ឋបិទច្រកផ្លូវចេញ ចូលមុខផ្ទះរបស់គាត់ថែមទៀតផង។ បន្ទាប់ពីគាត់ប្ដឹងតវ៉ាយ៉ាងខ្លាំង ទើបគេព្រមរុះរើ របងថ្មចេញ តែបែរជាធ្វើរបងដែកបិទ នៅចំណុចរបងថ្មវិញដដែល។
ដោយសារតែការរំលោភបំពាន មកលើលំនៅដ្ឋានអ្នកដ៏ទៃ មានបំណងយកផ្លូវសាធារណៈ ទៅប្រើប្រាស់តែឯងយ៉ាងដូច្នេះ គាត់ក៏បានប្ដឹងទៅសាលាសង្កាត់ ចាក់អង្រែក្រោមដើម្បីអោយជួយដោះស្រាយ តែសាលាសង្កាត់ ដោះស្រាយមិនចេញ ក៏បានបញ្ជូនសំណុំរឿង ទៅសាលាខណ្ឌដោះស្រាយ បន្តរហូតមកដល់ពេលនេះ មានរយៈពេលជាង៧ខែហើយ សាលាខណ្ឌបានកោះហៅ គូភាគីទៅធ្វើការដោះស្រាយ៣លើកហើយ មិនទទួលបានលទ្ធផលនោះទេ ដោយពីរលើកដោះស្រាយដោយលោក ហ៊ួយ វីរៈ នាយករដ្ឋបាលសាលាខណ្ឌមានជ័យ ភាគីចុងបណ្ដឹងមិនចូលខ្លួន និងលើកទី៣ដោះស្រាយដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌ ពេលដល់ ម៉ោងចូលខ្លួនដោះស្រាយ អវត្តមានលោក ឡុង ង៉ែត ដោយមិនដឹងពីមូលហេតុ។ ករណីនេះ ត្រូវបានគេអះអាងថា ដោយសារតែលោក ឡុង ង៉ែត ស្គាល់គ្នាជាមួយភាគីចុងបណ្ដឹង។ តាមសំដីលោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ដែលធ្លាប់ចូលរួមចុះត្រួតពិនិត្យ និងដោះស្រាយទីតាំងទំនាស់ខាងលើនេះ បានអះអាងថា តាមការពិនិត្យជាក់ស្ដែង ភាគីចុងបណ្ដឹង មិនត្រូវធ្វើរបងបិទផ្លូវចេញចូលផ្ទះរបស់គេអញ្ចឹងទេ ទោះជាផ្ទះគេមានមុខបែរទៅណាក៏ដោយ ព្រោះវាជាផ្លូវជាយូរមកហើយ ផ្ទះមានផ្លូវមុខផង ក្រោយផងទើបល្អ បើចុងបណ្ដឹង ដកចេញវាជាប្រយោជន៏ទាំងអស់គ្នា។
ប៉ុន្តែនៅក្នុងរបាយការណ៏របស់ សាលាសង្កាត់ ដែលកោះហៅគូភាគីទៅដោះស្រាយ ភាគីខាងឈ្មោះ សុខ ហ៊ុន លឹម ស៊្រុន និង ប៉ែន សុវណ្ណស៊ីថា បានអះអាងថាផ្លូវខាងលើជា ផ្លូវសំរាប់ក្រុមគ្រួសារខ្លួន ដើរតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្នដូចនេះ ដើម្បីការពារផ្លូវរបស់ខ្លួន ,ខ្លួនត្រូវតែធ្វើរបងបិទ។ ចំណែកប្រធានការិយាល័យ ភូមិបាលខណ្ឌមានជ័យ បានធ្វើលិខិតជំរាប ជូនអភិបាលខណ្ឌមានជ័យ ពាក់ព័ន្ធករណីឈ្មោះ សុខ ហ៊ុន ,លឹម ស៊្រុន និង ឈ្មោះប៉ែន សុវណ្ណស៊ីថា ធ្វើរបងបិទផ្លូវមុខផ្ទះគេខាងលើនេះ ថាតាមច្បាប់ភូមិបាល ឆ្នាំ២០០២ មាត្រា១៤៨ ស្ដីពីការកំណត់ព្រំដី និងកម្មសិទ្ធិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសាធារណៈ ត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច យោងតាមសេចក្ដីត្រូវការជាក់ស្ដែង នៃផលប្រយោជន៏រួម ពិសេសតាមសេចក្ដីត្រូវការនៃការធ្វើចរាចរ។ ដោយឡែកពាក់ព័ន្ធករណីធ្វើរបងបិទផ្លូវមុខផ្ទះអ្នកដ៏ទៃនេះ ក្រោយពីមន្ត្រីអាជ្ញាធរ និងជំនាញចុះ ទៅត្រួតពិនិត្យទីតាំងផ្ទះខាងលើ ពិតជាបានធ្វើរបងដែកបិទ ចំពីមុខផ្ទះឈ្មោះ គង់ វ៉ារី (ហួរ វ៉ន) ពិតប្រាកដមែន ហើយអាជ្ញាធរក៏បានណែនាំឈ្មោះ សុខ ហ៊ុន និងក្រុមគ្រួសារអោយរុះរើរបងផ្ទះនេះចេញ ដើម្បីសម្រួលការធ្វើចរាចរ។
ប៉ុន្តែតាំងពីថ្ងៃនោះ (៦ ខែកក្កដា ឆ្នាំ២០១៧) រហូតមកដល់បច្ចុប្បន្នភាគីចុងបណ្ដឹងមិនបានរុះរើនោះទេ ហើយអាជ្ញាធរខណ្ឌមានជ័យ ក៏ហាក់ដូចជាមិនបានយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះអោយបានសស្រាក់សស្រាំ និងមានប្រសិទ្ធភាពនោះដែរ ហាក់មានអាថកំបាំងអ្វី បង្កប់នៅពីក្រោយខ្នងនៃរឿងក្ដីនេះ។ ដូច្នេះហើយ ទើបភាគីរងគ្រោះស្នើសុំដ៏ទទូចដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាជួយ អន្តរាគមន៏ដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមមាន វិធានការរដ្ឋបាលចុះទៅរុះរើរបង ដែលធ្វើបិទផ្លូវមុខផ្ទះដោយក្ដីអនុគ្រោះ៕