(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា នៅថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨នេះ បានស្នើឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានលួចប្រើប្រាស់ រូបសញ្ញា (Logo) រដ្ឋសភា លើលិខិតផ្សេងៗរបស់ពួកគេ ដោយខុសច្បាប់។

សំណើរបស់រដ្ឋសភា បានធ្វើឡើងបន្ទាប់ពី លោក អេង ឆៃអ៊ាង អតីតតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧នោះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាព របស់ លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និង សិប្បកម្ម ក្នុងរបបសាធារណរដ្ឋខ្មែរ ដោយប្រើប្រាស់លិខិតដែលមានរូបសញ្ញារដ្ឋសភា។

ក្នុងលិខិតរដ្ឋសភា ដែលចុះហត្ថលេខាដោយ លោក ឡេង ប៉េងឡុង បានជំរាបជូន សម្តេចក្រឡាហោម ស ខេង យ៉ាងដូច្នេះថា៖ «អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧មក តាមសេចក្តីប្រកាសលេខ ១៣៤ រស​ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧របស់រដ្ឋសភា។ កន្លងទៅថ្មីៗនេះ មានអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានលួចប្រើប្រាស់នូវរូបសញ្ញារដ្ឋសភា លើលិខិតផ្សេងៗ ដែលរំលោភរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។ ទង្វើនេះ ធ្វើឱ្យមានការភាន់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងប៉ះពាល់ដល់ ស្ថាប័នរដ្ឋសភាទៀតផង»

សូមបញ្ជាក់ថា អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងថ្នាក់ដឹកនាំគណបក្សនេះចំនួនសរុប១១៨នាក់ ត្រូវបានតុលាការកំពូល កាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រាដែលតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត អំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្រោយការសម្រេចរបស់តុលាការនេះ តំណាងរាស្រ្តទាំង៥៥រូប របស់អតីតគណបក្សប្រឆាំង ក៏ត្រូវបានរដ្ឋសភាប្រកាសអំពីការបាត់បង់សិទ្ធិ និងបុព្វសិទ្ធិជាសមាជិករដ្ឋសភាផងដែរ៕