(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់សាខាកាកបាទក្រហមកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀនជាចម្បង ដើម្បីធានាឲ្យកម្ពុជា ជាប្រទេសបាននូវមួយមានសន្ដិភាព មានការអភិវឌ្ឍន៍ និងប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ សេចក្ដីថ្លៃថ្លូរ ហើយត្រូវចេះជួយគ្នាគាំទ្រ ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រាល់សកម្មភាពផ្សេងៗ ដែលបង្កនូវអសន្ដិភាពក្នុងសង្គម និងរាំងស្ទះដំណើរការអភិវឌ្ឍន៍ប្រទេស ។
លោកស្រីបានថ្លែងក្នុងឱកាស ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន១,៥១២គ្រួសារ មកពីឃុំចំនួន៧ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលពិធីនេះប្រព្រឹត្តទៅនៅទួលថ្មជើងក្អែក ភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។
លោកស្រីសូមអំពាវនាវដល់ប្រពលរដ្ឋផងដែរ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន មេរោគអេដស៍ ល្បែងស៊ីសង ដែលនាំឲ្យវិនាសដល់ខ្លួន និងគ្រួសារ និងអ្នកជុំវិញខ្លួន ពិសេសសូមគោរពច្បាប់ចរាចរណ៍ទំាងអស់។
ទន្ទឹមនឹងនោះ លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជា ថ្លែងគាំទ្រ និងជំរុញបន្ថែមដល់មន្ដ្រីកាកបាទក្រហមកម្ពុជា សាខាខេត្ដព្រះសីហនុ ក្នុងការបណ្ដុះបណ្ដាលគ្រូបង្គោល សង្គ្រោះបឋម ព្រោះសង្គ្រោះបឋមសំខាន់ណាស់ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋយើង មុននឹងជម្លៀសបងប្អូនយើងទៅទីទួលមានសុវត្ថិភាព ដោយគ្រោះធម្មជាតិផ្សេង ពិសេសខ្យល់កន្ដ្រាក់ ដើម្បីជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា រួចផុតពីការរបួស និងបាត់បង់ជីវិត»។
ក្នុងឱកាសលោកស្រី ឃួន សុដារី តំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តាំផ្ញើសួរសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានគ្រោះធម្មជាតិ ខ្យល់កន្រ្ដាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែងកាលពីពេលថ្មីៗនេះផងដែរ តែទោះជាយ៉ាងណា កាកបាទក្រហមកម្ពុជា មិនទុក្ខឲ្យប្រជារាស្ដ្រ ឯការឡើយ គឺនៅតែបន្ដយកចិត្ដទុក្ខដាក់ ជួយសង្គ្រោះឲ្យទាន់ពេលវេលាគ្រប់ទីកន្លែង ។
ប្រជាពលរដ្ឋទាំង១,៥១២គ្រួសារ គឺទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប ក្រណាត់ស ១ដុំ និងថវិកា ១០,០០០រៀលក្នុងការជួយកាត់បន្ថយការលំបាកមួយកម្រិតផងដែរ៕