(ភ្នំពេញ)៖ តុលាការកំពូល បានសម្រេចទាត់ចោលពាក្យបណ្តឹងសើរើថ្មីមួយទៀតរបស់ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលប្រឆាំងនឹងសេចក្តី សម្រេចរបស់តុលាការកំពូល ដែលមិនលើកយកសំណុំរឿង «រំលាយបក្សសង្រ្គោះជាតិ» មកជម្រះជាថ្មី។ នេះបើយោងតាមដីកាសម្រេចរបស់តុលាការកំពូល ដែលមានលោក ឌិត មុន្ទី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ហើយបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។
កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បណ្តឹងសើរើរបស់លោក អ៊ូ ច័ន្ទរ័ត្ន និងសហការីរបស់ខ្លួន ត្រូវបានមេធាវីគឺលោក ផែង ហេង បានយកទៅដាក់នៅតុលាការកំពូល ក្នុងគោលបំណង ប្តឹងតវ៉ាលើដីកាសម្រេចលេខ៤៨៨ ៤៨៩ និង៤៩០ ដស ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដែលតុលាការបានច្រានចោលបណ្តឹងរបស់លោក ទាក់ទងនឹងបណ្ដឹងសុំឱ្យជំនុំជម្រះ សាជាថ្មីលើសំណុំរឿង លេខ៣៤០(ឆ) ទាក់ទងនឹង ការរំលាយគណបក្សសង្គ្រោះជាតិ, ការសុំឱ្យចេញរក្សាការពារ សមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ និងបណ្ដឹងទាមទារសិទ្ធិ ធ្វើនយោបាយឡើងវិញ។
សូមបញ្ជាក់ថា តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ចេញដីកាសម្រេចមួយថា ខ្លួននឹងមិនលើកយកករណី «រំលាយគណបក្ស សង្រ្គោះជាតិ» មកជំនុំជម្រះសាជាថ្មីទេ។ សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាការទាត់ចោលនូវបណ្តឹងរបស់ អតីតសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានដាក់ពាក្យប្តឹងសើរើ ដើម្បីតុលាការកំពូលបើក សវនាការឡើងវិញ ចំពោះការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងកាត់ទោសមិនឱ្យមេដឹកនាំគណបក្សនេះ១១៨រូប ចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។
ដីកាសម្រេចរបស់តុលាការកំពូល បានលើកយកសំអាងហេតុចំនួន៤ចំណុច ក្នុងការសម្រេចមិនលើកយកសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ មកជំនុំជម្រះសាជាថ្មី ដោយតែតាមមាត្រា៤៥ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ សាលដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការបើកការជំនុំជម្រះសាជាថ្មីទេ គឺសាលដីកាដែលបិទផ្លូវតវ៉ា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានចេញសាលដីការមួយ កាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ និង ផ្អាកសកម្មភាពនយោបាយរបស់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ហើយសម្រេចបិទផ្លូវតវ៉ា ។ ក្រោយពេលមានការកាត់ទោសនេះ ក្រសួងមហាផ្ទៃ ក៏សម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ហើយស្លាកគណបក្សសង្គ្រោះជាតិទាំងអស់ ក៏ត្រូវបានទម្លាក់រួចរាល់ហើយដែរ៕