(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវជាថ្មីម្តងទៀតទៅដល់ម្ចាស់រថយន្តដឹកទំនិញ រថយន្តតទ្រុងខុសបច្ចេកទេស និងលើសទម្ងន់កំណត់ សូមឲ្យគោរពច្បាប់ និងអាណិតអាសូរផ្លូវសាធារណៈ ដែលរាជរដ្ឋាភិបាល កំពុងមានការលំបាកក្នុងការរកថវិកាដើម្បីសាងសង់។
ការអំពាវនាវនេះ បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើកិច្ចសន្យា អនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។
ថ្លែងនៅមុខអ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល បាននិយាយដោយសំឡេងទន់ភ្លន់ថា «ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ទៅដល់ម្ចាស់រថយន្តដឹកទំនិញ សូមមេត្តាគោរពច្បាប់ផង ជួយអាណិតអាសូរផ្លូវយើង។ រដ្ឋាភិបាលខិតខំប្រឹងប្រែងរកថវិកា ទាំងប្រាក់កម្ចី ទាំងប្រាក់ជំនួយឥតសំណង មកសាងសង់ផ្លូវយើង ហើយបើយើងមិនជួយថែរទាំ ធ្វើឲ្យផ្លូវហ្នឹងឆាប់ខូច»។
លោកបានឲ្យដឹងទៀតថា ការដែលផ្លូវឆាប់ខូច បញ្ហាដែលលំបាក គឺអ្នកដំណើរ និងអ្នកដឹកទំនិញ ពោលគឺងាយនឹងជួបគ្រោះថ្នាក់ ហេតុដូចនេះហើយក្រសួងបានខិតខំ និងចាប់ផាកពិន័យដល់រថយន្តដែលខុសច្បាប់ ជាពិសេសបាន និងកំពុងជួសជុលផ្លូវសាធារណ មិនឲ្យមានគ្រហុកតូចៗទៀតឡើយ។
លោកបញ្ជាក់ដូចនេះ «បើផ្លូវឆាប់ខូច ជួនណាបើកទៅមានសំបុកមាន់កណ្តាលផ្លូវ ដួលម៉ូតូ។ល។ និង។ល។ វាមានគ្រោះថ្នាក់ណាស់ អីចឹងយើងខ្ញុំខិតខំណាស់ មិនឲ្យមានសំបុកមាន់ទេសព្វថ្ងៃនេះ។ ដោយសារយើងចែកម៉ូតូកង់បី ចែកទៅមន្ទីរសាធារណការខេត្ត ក្រុងទាំងអស់ ឲ្យលោកដាក់គ្រឿងតូចៗ បើកមើលរហូត ឃើញសំបុកមាន់មួយចុះបិទ ឃើញមួយចុះបិទ។ អីចឹងទូទាំងប្រទេសផ្លូវខេត្ត បើប្អូនដើរមើលតាមខេត្តសព្វថ្ងៃនេះ មិនសូវមានសំបុកមាន់ទេ។ ការពិតមិនសូវមានទេ ដោយយើងធ្វើរបៀបហ្នឹង ប៉ះប៉ូវវាភ្លាមៗ។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ក្រាបរថយន្ដដឹកជញ្ជូន លើសទម្ងន់កម្រិតចំនួន៩២៣,៦៥៨គ្រឿង ក្នុងនោះបានផាកពិន័យរថយន្ដចំនួន២,៩៥៣គ្រឿង ដោយគិតជាថវិកាបានចំនួន ៥,៧៧៨,៨២០,២០០រៀល ហើយបានត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស និងបានត្រួតពិនិត្យរថយន្ដសរុបចំនួន២៣,៦៧៨គ្រឿង ក្នុងនោះកាត់ទ្រុងបានចំនួន១,២១៥គ្រឿង។
ជាមួយគ្នានោះ ក្រសួងក៏បានត្រួតពិនិត្យយានដ្ឋានជួសជុលសរុបចំនួន៣,០៦៩កន្លែង ក្នុងនោះអត់មានច្បាប់ចំនួន១,២៥០កន្លែង និងបានត្រួតពិនិត្យយានដ្ឋានកែច្នៃ និងដំឡើងសរុបចំនួន១៧៧កន្លែង អត់ច្បាប់ចំនួន៤៨កន្លែង៕