(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាក់ថា អាជ្ញាធរគ្រោងស្ដារប្រឡាយប្រវែងប្រហែលជិត៤០០ម៉ែត្រ ដែលមានមុខកាត់១២ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ក្នុងការរំដោះទឹក បញ្ជៀសការលិចលង់ ក្នុងរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ ចាប់ពីចំណុចវិទ្យុស្ថោនអូរវែង រហូតធ្លាក់ទៅដល់ព្រែកប្រឡាយបាក់ទូក ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃ សុក្រទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីឲ្យរួចរាល់ជាស្ថាពរ ឆាប់ៗខាងមុខនេះ ក្រោយចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងទទួលបានផែនការពីសាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង។
ជាមួយគ្នានោះ លោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាល និងសុរិយោដី ខណ្ឌឫស្សីកែវ បានឲ្យដឹងផងដែរថា ចំពោះព្រែកប្រឡាយអូរវែង ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក បញ្ជៀសការលិចលង់ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានទំហំដល់ទៅ៤០ម៉ែត្រឯណោះ ដោយតម្រូវឲ្យអ្នកមានក្បាលដី និងអ្នកសាងសង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនផ្សេងៗ ដែលរំលោភ លើដីចំណីប្រឡាយ ចាំបាច់ត្រូវតែរុះរើចេញ ដោយខ្លួនឯង ចៀសវាងការប្រើវិធានក្ដៅ ក្នុងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាមិនឲ្យមានការបាត់បង់ដីចំណីប្រឡាយ។
លោក ប្រាជ្ញ សីហា និងលោក ប៊ុន ឡុង បានលើកឡើងយ៉ាងដូចច្នេះ ក្នុងពេលចុះត្រួតពិនិត្យគ្រោងស្ដារប្រឡាយ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ដោយមានការរួមដំណើរពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ លោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក គន់ សុភា ប្រធានការិយាល័យសាធារណៈការខណ្ឌ ជាមួយតំណាងក្រុមហ៊ុនធ្វើផ្លូវ និងស្ថារប្រឡាយ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាមួយ ដោយផ្ដោតសំខាន់៖
ទី១៖ ការស្តារប្រឡាយបាក់ទូក និងព្រែកប្រឡាយអូរវែង
ទី២៖ ការចុះពិនិត្យរឺហ្គែលូ និងការស្តារលូ ក្នុងសង្កាត់ទាំង៧
ទី៣៖ ការចុះល្បាតនៅពេលយប់តាមសង្កាត់ទាំង៧ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅសាលាខណ្ឌឫស្សីកែវ ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌ។
លោក ប្រាជ្ញ សីហា បានថ្លែងថា ក្នុងអំឡុង ថ្ងៃសុក្រទី២ ខែកុម្ភៈ ខាងមុខនេះ អាជ្ញាធរនឹងមានវិធានការស្ដារប្រឡាយ ក្នុងការរំដោះទឹក និងបញ្ជៀសការលេចលង់ដោយសារការកកស្ទះមួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ជូនប្រជាពលរដ្ឋ ក៏ដូចជាអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះអនុក្រិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាមិនឲ្យមានការបាត់បង់ដីចំណីប្រឡាយ ជាពិសេសដើម្បី បង្ការទប់ស្កាត់ ដោយសារការរំលោភបំពានផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកមានក្បាលដីព្រំប្រទល់ជាប់ប្រឡាយតែម្ដង៕