(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨​ ត្រូវនឹងថ្ងៃអង្គារ៍១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១នេះ អគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា​បច្ចេកទេសប្រចាំខែលើកទី១ ដើម្បីផ្សព្វផ្សាយ តាមដាន ពិនិត្យលើសកម្មភាពសំខាន់ៗ ដែលជាសេចក្តីសំរេចរបស់ក្រុុមប្រឹក្សាគោលនយោបាយរបស់អាជ្ញាធរជាតិ និងណែនាំពិភាក្សានូវការរៀបចំផែនការថវិកាជាតិ សម្រាប់​ឆ្នាំ២០១៨​ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ​​នឹងជំងឺអេដស៍ តំណាងមកពីបណ្តា ក្រសួង ស្ថាប័ន ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការសង្គមស៊ីវិល ជាច្រើននាក់ទៀត។

លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ បានថ្លែងថា ​កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើ​ ការអនុវត្តសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គលើកទី២​ ឆ្នាំ២០១៧​ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងការរៀបចំផែនការថវិកាជាតិឆ្នាំ២០១៨​ របស់សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះអង្គប្រជុំបានពិភាក្សា លើស្ថានភាពការរាលដាលមេរោគអេដស៍​ ឧបសគ្គ និងឱកាសនៃគោលនយោបាយនានា សមិទ្ធផលនៃកាឆ្លើយតប ស្ថានភាពហិរញ្ញប្បទាន គោលនយោបាយ និងគោលដៅយុទ្ធសាស្ត្រ​ពិភពលោក ព្រមទាំងគោលដៅ យុទ្ធសាស្រ្តថ្នាក់ជាតិ។

លោកបានបន្តទៀតថា ឆ្លងកាត់កិច្ចពិភាក្សាខាងលើនេះ គណៈកម្មការប្រយុទ្ធ​នឹងជំងឺអេសដ៍ គ្រប់ក្រសួង ស្ថាប័ន រាជធានី ត្រូវបន្តធ្វើសកម្មភាពប្រយុទ្ធ​​នឹងជំងឺអេ​ដស៍ ប្រចាំឆ្នាំស្របតាមអាណត្តិរបស់ខ្លួន និងរៀបចំដាក់ក្នុងផែនការថវិកាជាតិ ប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន នីមួយៗ។ អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេសដ៍ គណៈកម្មាធិកាប្រយុទ្ធនឹងជំងឺអេដស៍ រាជធានីខេត្ត អង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ត្រូវបន្តសហការរួមគ្នា ពង្រីកការផ្ដល់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ដល់អ្នកផ្ទុកមេរោគអេដស៍ក្រីក្រ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានសង្កត់ធ្ងន់ផងដែរថា ថវិកាឆ្នាំ២០១៨ ត្រូវបានប្រសិទ្ធនាមថា ជាថវិកាយុទ្ធសាស្ត្រ នៃការប្រមូលផ្ដុំកម្លាំង និងធនធានជាអតិបរមា ដើម្បីសម្រេចឲ្យខាងតែបាន នូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា នៅក្នុងស្ថានការណ៍តំបន់ និងពិភពលោក ដែលកាន់តែមានភាពស្មុគស្មាញ ដើម្បីបន្តរក្សាសន្តិភាព ស្ថេរភាព ក៏ដូចជាទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើង របស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាពតទៅមុខឥតឈប់ឈរ ក្នុងនីតិកាល បន្តបន្ទាប់ទៀត៕