រដ្ឋមន្រ្តីសាធារណការ៖ គម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញ ទៅព្រំដែនថៃ នឹងបញ្ចប់មុនការបោះឆ្នោតជាតិ ចូលមកដល់
30-01-2018 14:26
(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដីលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ គ្រោងនឹងធ្វើផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែតព្រំដែនថៃ ឱ្យបញ្ចប់រួចរាល់ក្នុងឆ្នាំ២០១៨ ពោលគឺគ្រោងបញ្ចប់ការតភ្ជាប់ផ្លូវនេះ ឲ្យបានមុនពេលបោះឆ្នោតជាតិ ឈានចូលមកដល់។
ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានធ្វើឡើងនាឱកា ដែលលោកអញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើកិច្ចសន្យា អនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។
លោកទេសរដ្ឋមន្រ្ដី បានឲ្យដឹងថា «ក្រសួងគ្រោងនឹងធ្វើការតភ្ជាប់ផ្លូវដែក ពីរាជធានីភ្នំពេញ ទៅទល់ដែនថៃក្រុងប៉ោយប៉ែត ឲ្យបានចប់រួចរាល់មុនពេលបោះឆ្នោតជាតិឈានចូលមកដល់ នេះជាគម្រោងរបស់ក្រសួងសាធារណការ ប៉ុន្ដែជួនណាក្រុមហ៊ុនសាងសង់អាចនឹងមានភាពយឺតយ៉ាវបន្ដិចបន្ដួច...តែយ៉ាងណាក្នុងគម្រោងនោះ គឺនឹងត្រូវតភ្ជាប់ឲ្យបាននៅក្នុងខែកក្កដា ខាងមុខនេះ ដើម្បីបើកផ្លូវផ្នែកខាងជើងឲ្យបាន»។
លោកបានបន្ថែមទៀតថា ចំណែកឯក្នុងរាជធានីភ្នំពេញវិញ ក៏មានផ្លូវដែកខ្លីមួយដែលតភ្ជាប់ពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្ដហោះ ដែលបច្ចុប្បន្ននេះកំពុងសាងសង់ ហើយសង្ឃឹមថា មុនចូលឆ្នាំខ្មែរខាងមុខនេះ នឹងបើកដំណើរការជិះរថភ្លើងពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្ដហោះភ្នំពេញ៕