(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាជាផ្លូវការ ជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd របស់ប្រទេសចិន លើគម្រោងសាងសង់ប្រព័ន្ធបណ្ដាញលូក្រុងបាត់ដំបង ដែលមានប្រវែង១៥ គីឡូម៉ែត្រ ហើយគ្រោងនឹង ចំណាយទុនអស់ ៩,៣៦៨,៩៤៣ដុល្លារអាមេរិក។ ការចុះហត្ថលេខានេះធ្វើឡើងរវាង លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និង តំណាងក្រុមហ៊ុន Beijing Urban Construction Group Co., Ltd។
គម្រោងសាងសង់ប្រព័ន្ធបណ្ដាញលូក្រុងបាត់ដំបងនេះ ធ្វើឡើងដើម្បីរំដោះទឹកភ្លៀង ពីផ្នែកខាងកើតក្រុងបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ និងសង្កាតព្រែកព្រះស្ដេច ដើម្បីបញ្ចៀសការជន់លិចជារៀងរាល់ឆ្នាំ ក៏ដូចជាការពារតំបន់ទាំងនោះ ពីការខូចខាតទ្រព្យសម្បត្តិ និងការប្រកបរបរផ្សេងៗរបស់ពលរដ្ឋ។ អនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបងនេះ គឺជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ក្រោមឥណទានសម្បទាន ធនគារអភិវឌ្ឍន៍អាស៊ី ។
លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការងារសាងសង់ប្រព័ន្ធបណ្ដាញលូក្រុងបាត់ដំបង ផ្នែកខាងកើតមានប្រវែងសរុបប្រមាណ១៥គីឡូម៉ែត្រ បានប្រកាសដេញថ្លៃជាសាធារណៈ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន១០បានចូលរួមដេញថ្លៃ។ បន្ទាប់ពីការត្រួតពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាពហិរញ្ញវត្ថុ បទពិសោធន៍ការងារ ធនធានមនុស្ស គ្រឿងចក្រ ទើបឃើញថា មានក្រុមហ៊ុនតែ៣ដែលមានលក្ខណៈគ្រប់គ្រាន់ ហើយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការដេញថ្លៃ ក្នុងតម្លៃទឹកប្រាក់ នៃកិច្ចសន្យាចំនួន៩,៣៦៨,៩៤៣ដុល្លារអាមេរិក។
លោកបានបញ្ជាក់ទៀតថា គម្រោងនេះនឹងធ្វើទៅលើការងារជីក និងជួសជុលផ្លូវថ្នល់ឡើងវិញ ទំហំ១០៤៦០ម៉ែត្រការ៉េ, ការងារស្ដារ និងសម្អាតប្រឡាយទឹក ទំហំ៤០០០ម៉ែត្រការ៉ែ, ការងារសាងសង់លូមូល និងលូជ្រុងប្រវែងសរុបប្រមាណ១៥គីឡូម៉ែត្រ។ លោកបន្តថា គម្រោងនេះគ្រោងនឹងដំណើរការ នាពេលឆាប់ៗនេះ ព្រោះក្រសួងមានថវិកាគ្រប់គ្រាន់ ដើម្បីដំណើរការទៅលើគម្រោងនេះ ហើយគម្រោងនេះ នឹងបញ្ចប់ការសាងសង់ ក្នុងរយៈពេល១៨ខែខាងមុខ។
លោកទេសរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ឲ្យធ្វើកិច្ចការមួយនេះ ទៅតាមលក្ខណៈបច្ចេកទេស ឲ្យមានគុណភាពល្អ ទាន់ពេលវេលា៕