(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់អនាម័យ និងគោលការអនុវត្ដអនាម័យល្អ (Logo) ជូនដល់ភោជនីយ ដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ដែលគោរពតាមប្រកាសរបស់ក្រសួងសុខាភិបាល ប្រមាណជិត៥០ទីតាំង ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវការមិនពុលអាហារដល់ប្រជាជនកម្ពុជា។
ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃ ក្រសួងសុខាភិបាល និងតំណាង ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងកាហ្វេ ជាច្រើននាក់ ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងសុខាភិបាល។
បើតាមលោកបណ្ឌិត ហេង ប៊ុនគៀត បានឲ្យដឹងថា ដោយអនុវត្ដទៅតាមគោលនយោបាយ ដាក់ចេញរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានបន្ដត្រួតពិនិត្យ និងផ្ដល់វិញ្ញាបនបត្រ បញ្ជាក់ជូនដល់បណ្ដាភោជនីយដ្ឋាននានា ដើម្បីកាន់តែធានានូវគុណភាពអាហារ ទៅតាមស្តង់ដារ និងអនាម័យខ្ពស់ ដល់ប្រជាពលរដ្ឋ ដែលគាត់ពិសាទៅ មិនប៉ះពាល់ដល់សុខភាព។
លោកបណ្ឌិតបញ្ជាក់ថា «ការចុះវិញ្ញាបនបត្រនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ព្រោះវាមានការធានា និងជំនឿចិត្ដដល់អតិថិជនជាតិ អន្ដរជាតិ ពិសេសក្រសួង នឹងចេញអន្ដរាគមន៍ភ្លាមៗ បើមានករណីអ្វីកើតឡើង ទាំងលើម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ហើយយើងនឹងដាក់ឈ្មោះភោជនីយដ្ឋានរបស់គាត់ ដាក់លើវេបសាយ ក្រសួងទៀតផង ដើម្បីឲ្យភ្ញៀវជាតិ អន្ដរជាតិ ដឹងថា ហាងណាដែលបានបើកលក់ចំណី អាហារទៅតាមស្ដង់ដារ និងអនាម័យខ្ពស់ និងទទូលស្គាល់ពីក្រសួង ហើយយើងនឹងចុះមក ត្រួតពិនិត្យជាប់ជានិច្ចផងដែរ ដើម្បីធានាថា នឹងអនុវត្ដទៅតាមគោលការណ៍ដែលក្រសួងដាក់ឲ្យ»។
លោកវេជ្ជបណ្ឌិត អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ពេលនេះ ក្រសួងសុខាភិបាល បាននិងកំពុងបណ្តុះបណ្តាលអំពី អនាម័យចំណីអាហារ ដល់ម្ចាស់ភោជនីយ៍ដ្ឋាននានា ដើម្បីបង្កើតស្តង់ដារខ្ពស់ សម្រាប់ភោជនីយដ្ឋានរបស់ពួកគេ។
លោកវេជ្ជបណ្ឌិត អាំង ហុកស្រ៊ុន បានបញ្ជាក់ថា «ការបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាពុលចំណីអាហារ ឬពុលសារធាតុគីមី នៅក្នុងអាហារ»។
លោកបន្ដថា នៅកម្ពុជាមានភោជនីយដ្ឋាន៤៨ភាគរយហើយ ក្នុងចំណោមភោជនីយដ្ឋាន៤ពាន់កន្លែង ដែលទទួលបានការបណ្ដុះបណ្ដាល ឬវិញ្ញាបនបត្រ អនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ពីក្រសួងសុខាភិបាលនេះ ហើយក្រសួង នឹងបន្តបណ្តុះបណ្តាលភោជនីយដ្ឋាន ដែលនៅសេសសល់តទៅទៀត។
មន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវ ដល់ម្ចាស់ភោជនីយដ្ឋាននានាផ្សេងទៀត ទំនាក់ទំនងទទួលយកការបណ្តុះបណ្តាលផងដែរ៕