(ភ្នំពេញ)៖ បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលស៊ើបការណ៍ព័ត៌មានពីកម្ពុជា បញ្ជូនឱ្យបរទេសដោយខុសច្បាប់នោះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រូវបានលោក សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ប្រកាសសាលដីកា បដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន។ តុលាការកំពូល សំអាងថា សំណុំរឿងនេះ កំពុងស្ថិតក្រោមការស៊ើបសួរ មិនអាចអនុញ្ញាតឱ្យនៅក្រៅឃុំបានទេ។
បុរសជនជាតិអូស្រ្តាលីរូបនេះឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា បុរសជនជាតិអូស្រ្តាលីរូបនេះ បានបង្ហោះកាមេរ៉ាថតផ្តិតយករូបភាព(ដ្រូន)ពីលើអាកាស កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឃាត់ខ្លួន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ជនជាតិអូស្រ្តាលី បានលួចចូលមកកម្ពុជាវិញ ក្នុងឆ្នាំ២០១៥ ដោយការស្នាក់នៅមិនពិតប្រាកដ ដើរបង្ហោះកាមេរ៉ាដ្រូនថតរូបពីលើអាកាស ផ្តិតយកពីសកម្មភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលសាលារាជធានីភ្នំពេញហាមឃាត់៕