(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រៅផ្លូវការ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ការអញ្ជើញទៅប្រទេសសិង្ហបុរី របស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមករអញ្ចើញរបស់ លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសសិង្ហបុរី។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការ ( ADMM Reteat) សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ក៏ត្រូវបានអញ្ចើញឱ្យចូលរួមក្នុងកម្មវិធី ពិព័រណ៍លំហរអាកាសសិង្ហបុរី ២០១៨ ( Singapore Airshow 2018) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ផងដែរ។
កម្មវិធី ( Singapore Airshow 2018) គឺជាព្រឹត្តិការណ៍លំហរអាកាស និងការពារជាតិធំជាងគេនៅអាស៊ី ដែលនាំមកនូវការប្រមូលផ្តុំជួយជុំ អ្នកដឹកនាំ មន្ត្រីការពារជាតិជាន់ខ្ពស់ និងឧស្សាហកម្មកាពារជាតិ ដើម្បីបង្ហាញនៅបច្ចេកវិជ្ជាថ្មីៗចុងក្រោយ នៃប្រព័ន្ធការពារអាកាស និងលើគោកផងដែរ៕