(ភ្នំពេញ)៖ ប្រជាជនសន្តិភាព បានយល់ច្បាស់ពីប្រវត្តិសាស្ត្ររយៈពេល ៦០ឆ្នាំចុងក្រោយ ជាពិសេសការបំផ្លាញជាតិ ដោយអ្នកនយោបាយវិកលចរិត។ យើងនៅចាំបានថា ព្រះរាជាណាចក្រទីមួយដឹកនាំដោយ សម្តេចព្រះបរមកោដ នរោត្តម សីហនុ ជាអង្គក្សត្រដ៏អស្ចារ្យ បានកសាងរដ្ឋអធិបតេយ្យមួយ ក្រោយថ្ងៃប្រកាសឯករាជ្យពីអាណានិគមនិយមបារាំង និងរៀបចំប្រទេសឱ្យមានច្បាប់ទម្លាប់បែបសេរីពហុបក្សដំបូងនៅកម្ពុជា។
រហូតដល់ឆ្នាំ១៩៧០ រដ្ឋប្រហាររបស់ លន់ នល់ ដែលមានសហរដ្ឋអាមេរិកគាំទ្រ បានបង្កើតរបបសាធារណរដ្ឋថ្មីមួយនៅកម្ពុជា ដែលមានអាយុ ទើបតែប្រាំឆ្នាំ ក៏បានរលាយទៅ ព្រោះអាមេរិកបានបោះបង់ទឹកដីនេះ ឱ្យពួកប្រល័យពូជសាសន៍ចាត់តាំងអង្គការពិឃាតមួយ សម្លាប់រង្គាលនៅពាសពេញ ប្រទេស។
ប្រជាជនបានភ្ញាក់រលឹកថា យើងបានវាយតម្លៃខុសលើការដឹកនាំដ៏ល្អប្រពៃរបស់ សម្តេចព្រះនរោត្តម បានជាធ្វើឱ្យជនវិកលចរិកទីមួយ លន់ នល់ បានជោគជ័យបង្កើតរបបសាធារណរដ្ឋបែបអាមេរិក ដែលមិនមានការទទួលខុសត្រូវ និងបាត់បង់សន្តិភាព។ ចំពោះជនវិកលចរិតទីពីរគឺបងធំ ប៉ុល ពត ដែលសម្លាប់មិនរើសមុខ បានប្រើនយោបាយប្រជាកលនិយមកម្ទេចទាំង ជីវិត ទាំងសាសនា និងសង្គមទាំងមូល។
ព្រះរាជាណាចក្រទីពីរ ដែលជាសមិទ្ធិផលនៃការបង្រួបបង្រួមជាតិ ពីរលើក គឺជំហានទី១ សីហនុ-ហ៊ុនសែន និងជំហានទី២ នយោបាយឈ្នះ-ឈ្នះ បានបញ្ចប់ជីវិតរបបនយោបាយ និងយោធារបស់ជនវិកលចរិក ប៉ុល ពត នាឆ្នាំ ១៩៩៨។
ប្រជាជនសន្តិភាពយល់ឃើញថា អធិបតេយ្យជាតិ និងឯករាជ្យជារបស់ខ្មែរ ហើយសន្តិភាពនិងស្ថិរភាពជាជីវិត ដូច្នេះ ទណ្ឌិក សម រង្ស៊ី ត្រូវតែព្យាបាលរោគវិកលចរិក ជាមុនសិនចាំបន្តឃោសនាដឹកនាំធ្វើនយោបាយ។
ប្រជាជនសន្តិភាព សូមអំពាវនាវឱ្យក្រុមគ្រួសារទណ្ឌិក សម រង្ស៊ី មេត្តាអាណិតគាត់យកទៅព្យាបាលជំងឺវង្វេងជាតិ និងជំងឺបំផ្លាញប្រជាជនខ្មែរ ឱ្យបានឆាប់ជាសះស្បើយ។
ប្រជាជនសន្តិភាព នឹងមិនអនុញាតឱ្យមានការនាំរូប សម រង្ស៊ី ឱ្យមានដីបញ្ចុះសពនិងធ្វើបុណ្យតាមប្រពៃណីខ្មែរនៅលើទឹកដីខ្មែរដែលខ្លួន បាននិងកំពុងបំផ្លាញនោះទេដរាបណា ខ្លួននៅមានជំងឺវិកលចរិតបំផ្លាញជាតិឯង៕
ដោយ៖ សន្តិភាព