(ព្រះសីហនុ)៖ កម្មករសំណង់ប្រមាណជិត១០០នាក់ តំណាងឲ្យកម្មករ៤៥៧នាក់របស់ ក្រុមហ៊ុនអេម៉ារីអូ (EMARIO) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមករា ឆ្នាំ២០១៨ បាន ប្រមូលផ្តុំគ្នាតវ៉ាលើកបដា ទាមទារបើកប្រាក់ការងារ៣ខែ ដែលថៅកែមិនព្រមបើកជូនចំនួន៣ខែកន្លងមក។

ក្រុមកម្មករបានសំណូមពរដល់លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ និងលោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៌បើកប្រាក់ខែ ដែលកម្មករសំណង់ជាង៤០០នាក់ ត្រូវថៅកែក្រុមហ៊ុន អេម៉ារី អូ មិនទាន់បើកជូនចំនួន៣ខែកន្លងទៅ។

ក្រុមកម្មករឲ្យដឹងថា គិតមកដល់ម៉ោង១០ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ឃើញមានវត្តមាន លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានចុះមកជួបក្រុមកម្មករសំណង់ ដើម្បីរកដំណោះស្រាយ៕