(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃនេះថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិលភី ម៉ារស៊ូឌី (Retno LP. Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
នៅក្នុងដំណើរទស្សនកិច្ចនេះទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីលោក យូ សុវកាឡា និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវគេរំពឹងថា ជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕