(ភ្នំពេញ)៖ បន្ទាប់ពីអតីតសមាជិកគណបក្សសង្គ្រោះជាតិ បានចេញញាតិមួយដោយប្រកាសប្រឆាំងដាច់ខាតចំពោះការបង្កើត «ចលនាសង្គ្រោះជាតិ» របស់លោក សម រង្ស៊ី ដោយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ យុវតីម្នាក់ទៀតហើយដែលជាអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ បានចេញមកប្រកាសតាមរយៈលិខិតផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ថា ឯណាទៅពាក្យថា សម រង្ស៊ី កឹម សុខា មនុស្សតែមួយ? ឯណាទៅពាក្យថា សម្លុតមិនខ្លាច បំបែកមិនបែក? ឯណាទៅពាក្យថា រួមគ្នាដើម្បីសង្គ្រោះជាតិ? សម រង្ស៊ី និង កឹម សុខា មិនមែនមនុស្សតែមួយទេ តែមនុស្សពីរនាក់ដែលចូលគ្នាមិនចុះ។ រួមគ្នាសង្គ្រោះជាតិ តែបែរជាបំបែកគ្នាដើម្បីសង្គ្រោះជិវិត នយោបាយបុគ្គលខ្លួនឯងទៅវិញ។

លិខិតរបស់យុវតីរូបនោះដែលផ្ញើមកកាន់ការិយាល័យយើងខ្ញុំមានខ្លឹមសារទាំងស្រុងដូចតទៅ៖ ស្តាយចិត្តដែលខំស្រឡាញ់ និងខំទុកចិត្ត! ទីបំផុតបែកគ្នាទាល់តែបាន! ឯណាទៅពាក្យថា សម រង្ស៊ី កឹម សុខា មនុស្សតែមួយ? ឯណាទៅពាក្យថា សម្លុតមិនខ្លាច បំបែកមិនបែក? ឯណាទៅពាក្យថា រួមគ្នាដើម្បីសង្គ្រោះជាតិ? ក្នុងនាមអ្នកគាំទ្របក្សសង្គ្រោះជាតិម្នាក់ ខ្ញុំក៏ដូចជាមិត្តភ័ក្តិ និងសហការីជាច្រើនទៀតដែរ សុទ្ធតែនាំគ្នាគក់ទ្រូងស្ទើរធ្លាយនិយាយមិនចេញ គ្រវីក្បាលដូចគោស្រាំងទិច បន្ទាប់ពីបានឃើញការបែកបាក់យ៉ាងធ្ងន់ធ្ងរនៃផ្ទៃក្នុងបក្សសង្គ្រោះជាតិ។ សម រង្ស៊ី និង កឹម សុខា មិនមែនមនុស្សតែមួយទេ តែមនុស្សពីរនាក់ដែលចូលគ្នាមិនចុះ។ សម្លុតមិនខ្លាច តែរត់បាតជើងសព្រាតអស់រលីង។ គេបំបែកមិនបែក តែបែរជាមកបែកខ្លួនឯង។ រួមគ្នាសង្គ្រោះជាតិ តែបែរជាបំបែកគ្នាដើម្បីសង្គ្រោះជិវិត នយោបាយបុគ្គលខ្លួនឯងទៅវិញ។

ពុទ្ធោអើយ! នេះឬចរិតអ្នកនយោបាយខ្មែរ? នេះឬអ្នកស្នេហាជាតិ? ពេលនេះក្នុងខួរក្បាលខ្ញុំមានតែសំណួរដែលគ្មានចម្លើយ មានតែបញ្ហាស្មុគស្មាញដែលគ្មានដំណោះស្រាយ មានតែការសោកស្តាយដែលខំស្រឡាញ់ និងខំជឿទុកចិត្តម្តងហើយម្តងទៀត។ ទោះជាពេលខ្លះបានឃើញនឹងភ្នែក និងបានលឺនឹងត្រចៀក ក៏ខំបន្លប់ខ្លួនឯងទៅជារឿងមិនពិត ហើយចិញ្ចឹមចិត្តស្រឡាញ់ និងជឿទុកចិត្តទៅលើមេដឹកនាំបក្សសង្គ្រោះជាតិដោយសង្ឃឹមថា ប្រហែលជាពួកគេធ្វើដូចមាត់ថា។ ជានិច្ចកាល ពួកយើងខំសន្សំចិត្តស្រឡាញ់ និងជឿជាក់ថា សម រង្ស៊ី និង កឹម សុខា មិនអាចបែកគ្នាបានទេ។ ប៉ុន្តែ ពេលនេះ ខ្ញុំហាក់ដូចជាមិនចង់ជឿខ្លួនឯងទេថា នេះជាការពិត?

ក្រុមអ្នកលេងហ្វេសប៊ុកគាំទ្របក្សសង្គ្រោះជាតិដែលពីមុនធ្លាប់មានសំឡេងតែមួយប្រឆាំងរដ្ឋាភិបាល ឥឡូវបែរមកខាំគ្នាឯងដូចសត្វសុនខ។ មួយថ្ងៃមួយថ្ងៃលឺតែឌឺដង ផ្លៃផ្កា វាយប្រហារ តិះដៀលតែគ្នាឯង។ មិនដឹងជាមេដឹកនាំ និងអ្នកគាំទ្រគណបក្សប្រជាជនសប្បាយចិត្តយ៉ាងណាទេពេលឃើញស្ថានភាពនៃការបែកបាក់បក្សសង្គ្រោះជាតិបែបនេះ?

ទាំងខ្មាស ទាំងហួសចិត្ត ទាំងស្តាយក្រោយ ... មិនដឹងជាមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប៉ុន្មាននាក់ទេដែលមានស្ថានភាពដូចខ្ញុំ? តែអ្វីដែលខ្ញុំដឹងគឺគ្រប់គ្នានៅជុំវិញខ្ញុំ គ្រប់មនុស្សដែលខ្ញុំស្គាល់សុទ្ធតែមានអារម្មណ៍ដូចខ្ញុំដែរ។ ហេតុអ្វីបានជាលោកប្រធានទាំងពីរដែលយើងខ្ញុំធ្លាប់រំពឹង ធ្លាប់សង្ឃឹមជឿជាក់បែរទៅជាយ៉ាងនេះទៅវិញ? សម្រាប់ខ្ញុំ ការបែកបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិពេលនេះ ប្រៀបដូចជាគ្រាប់បែកនុយក្លេអ៊ែរ ដែលផ្ទុះបំបែកក្បាលពួកយើងខ្ញុំឲ្យផ្ទុះចេញខួរមកក្រៅជាបំណែកតូចៗយ៉ាងដូច្នោះដែរ។ ឈឺណាស់! ផ្សារណាស់! ឈប់ជឿហើយអ្នកនយោបាយ! ស្តាយចិត្ត! ស្តាយសន្លឹកឆ្នោត! ស្តាយពេលវេលា! ពីថ្ងៃនេះទៅដេកចាំ ដាំចេកចុះ ទុកពេល ទុកខួរ រកស៊ីវិញចំណេញជាង។ បាយ បាយ សម័ន្ធភាពអំបិលត្រូវទឹក, រលាយខ្សុល៕

ពីខ្ញុំយុវតីដែលស្រឡាញ់ CNRP,​ Somphors