(ព្រះសីហនុ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានចាត់តំណាងលោកស្រី ឃួន សុដារី និងថ្នាក់ដឹកនាំមួយចំនួន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ នឹងចែកអំណោយជាស្បៀង សម្ភារៈ និងថវិកា ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ដ្រាក់ ជនពិការ និងចាស់គ្មានទីពឹងចំនួន១,៥១២គ្រួសារ ដែលមកពី៧ឃុំ ក្នុងស្រុកព្រៃនប់នោះផងដែរ។
គួររម្លឹកថា កន្លងមកនេះដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្សរបស់ប្រជាជនកម្ពុជា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈជំនួយពីសប្បុរសជននានា និងដៃគូជាតិ-អន្ដរជាតិ បានសម្រេចនូវការងារអាទិភាពធំៗជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនម៉ឺនគ្រួសារ ដែលរួមមាន៖ ខួងអណ្តូង, ជីកស្រះទឹក, សង់បង្គន់អនាម័យ, សង់ផ្ទះ, ផ្តល់ធុងចម្រោះទឹកចំនួន, ផ្តល់ពាងទឹក, ផ្តល់ស៊ីទែនទឹក, ផ្តល់បំពង់ពន្លត់អគ្គិភ័យ, ផ្តល់មួកសុវត្ថិភាព,ផ្ដល់ស្បៀង និងថវិកា ពិសេសជួយស្វែងរកសមាជិកគ្រួសារ ដែលបានបែកគ្នា កាលពីជំនាន់ប៉ុលពត ឲ្យបានជួបគ្នាវិញជាច្រើនគ្រួសារផងដែរ៕