(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានណែនាំដល់គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ត្រូវសហការចូលរួមវាយតម្លៃជ្រើសរើសវិស្វករដែលត្រូវទទួលគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ នាពេលខាងមុខ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតិបើកកិច្ចប្រជុំរបស់គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម នារសៀលថ្ងៃ២៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការងារ។
លោកបានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាអង្គភាពប្រតិបត្តិរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលមានភារកិច្ចប្រមូលផ្តុំគ្រប់គ្រងវិស្វករចុះបញ្ជីនៅកម្ពុជា ធ្វើការបណ្តុះបណ្តាល បន្តបង្កើនសមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានកម្រិតស្តង់ដារ ចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ និងត្រូវបានទទួលគោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដែលសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ បានចុះកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្ម កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបាន ផ្តល់ជាអនុសាសន៍ លើការងារនៃគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មមួយចំនួន៖
១. ការងារវាយតម្លៃលើវិស្វករអាជីព ត្រូវធ្វើឲ្យបានគ្រប់ជ្រុងជ្រោយ ទៅតាមសមត្ថភាពពិតប្រាកដរបស់វិស្វករម្នាក់ៗ ព្រោះអនាគតវិស្វករទាំងនោះជាអ្នកទទួលខុសត្រូវខ្ពស់ ក្នុងការជួយកសាងប្រទេសជាតិ របស់ខ្លួន។
២. ការវាយតម្លៃបេក្ខជនវិស្វករអាជីពឆ្នើមអាស៊ាន ត្រូវធ្វើឲ្យបានត្រឹមត្រូវហ្មត់ចត់ទៅតាមស្តង់ដារពីព្រោះវិស្វករអាជីពឆ្នើមអាស៊ាន ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលអាស៊ាន និងត្រូវប្រកួតប្រជែងការងារវិស័យវិស្វកម្មនៅក្នុងតំបន់អាស៊ាន និងសាកលលោក នៅពេលអនាគត។
៣. គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ត្រូវសហការចូលរួមវាយតម្លៃជ្រើសរើសវិស្វករដែលត្រូវទទួលគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិនៅពេលខាងមុខ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្ទេរគណៈវិស្វករកម្ពុជាឲ្យស្ថិតនៅក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមព្រះរាជក្រឹត្យស្តីពីការផ្ទេរអាជ្ញាធរគណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សា ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ។
គណៈវិស្វករកម្ពុជាថ្មីៗនេះ បានធ្វើការកែសម្រួលបំពេញបន្ថែមសមាសភាពគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មឡើងវិញ ព្រោះនៅក្នុងសេចក្ដីសម្រេចលេខ ៤៥ សសរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំទាន់មានសមាសភាពវិស្វករដែលមានជំនាញវិស្វកម្មផ្សេងៗពីក្រសួងពាក់ព័ន្ធគ្រប់ចំនួននៅឡើយ។
គណៈវិស្វករកម្ពុជាបានធ្វើការកែសម្រួលសមាសភាពគណៈកម្មាធិការខាងលើឡើងវិញ តាមសេចក្ដីសម្រេចលេខ ០១៩/១៧/កប/សសរ.គ.គ.ស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕