(ភ្នំពេញ)៖ យោងតាមការរកសិក្សាមួយរបស់ មជ្ឈមណ្ឌលហាន់ដា សម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរជាតិរបស់សហរដ្ឋអាមេរិក (WSD HANDA Center for Human Rights and International Justice at Stanford University and the East-West Center) នៅក្នុងសបា្តហ៍នេះបានរកឃើញថា សាលាក្តីខ្មែរក្រហមមានសក្តានុពលក្នុងការរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ គួរឱ្យកត់សម្គាល់ដល់វិស័យអប់រំ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសក្តានុពលនេះមិនទាន់ត្រូវបានយកមកប្រើ ប្រាស់ពេញលេញនៅឡើយនោះទេ។ អ្នកចូលរួមផ្តល់បទសម្ភាសភាគច្រើនជានិស្សិត បានកំណត់សក្តានុពលសម្រាប់សាលាក្តីក្នុងការអប់រំដល់ជំនាន់របស់ពួកគេអំពីអតីត កាលជាពិសេសប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដោយបានចាត់ទុកថាជាកេរដំណែលដ៏មានសក្តានុពលធំធេងបំផុតរបស់សាលាក្តី ហើយបានផ្តល់ចំណាត់ថ្នាក់នេះខ្ពស់ជាងកេរដំណែលដទៃទៀតដូចជាកេរដំណែកតុលាការ កេរដំណែលផ្លូវចិត្ត និងកេរ ដំណែលក្នុងការកសាងសមត្ថភាពជាដើម។
របាយការណ៍ដដែលបានធ្វើសេចក្តីសន្និដ្ឋានថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបានបង្កើតឡើងជាយន្តការតុលាការ ដើម្បីជំនុំជម្រះក្តីលើជនជាប់ចោទនៃបទឧក្រិដ្ឋកម្មដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ ទោះបីយ៉ាងនេះក្តី អស់ពេលជិត ១១ ឆ្នាំមកនេះ កេរតំណែលរបស់សាលាក្តីខ្មែរក្រហមបាននិងកំពុងរីកចម្រើនយ៉ាងល្អហួសពីគោលដៅដ៏តូចចង្អៀតនេះ។ អ្នកផ្តល់បទសម្ភាសម្នាក់បានលើកឡើងថា ៖«តាមគំនិតខ្ញុំ អ.វ.ត.ក បាននិងកំពុងមានផលប៉ះពាល់ទៅលើវិស័យអប់រំកាន់តែច្រើន ឡើងៗ បើប្រៀបធៀបនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត។ គម្រោងដ៏ច្រើននៃគំនិតផ្តួចផ្តើមដែលមានដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងកើនឡើងទាំងបរិមាណ និងគុណភាពនៅប៉ុន្មានឆ្នាំមកនេះ ស្របតាមអត្ថិភាពរបស់សាលាក្តីខ្មែរក្រហម។
ក្រុមនិស្សិតដែលបានផ្តល់បទសម្ភាសក្នុងរបាយការណ៍នេះបានកំណត់ពីអត្ថប្រយោជន៍នៃការអប់រំ របស់ អ.វ.ត.ក ជាកេរដំណែលដ៏មានសារៈសំខាន់បំផុតរបស់ សាលាក្តីនេះ។ និស្សិតដែល ធ្លាប់បានទៅទស្សនាសាលាក្តី បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា ពួកគេបានរៀនសូត្រច្រើននៅទីនោះជាងកាលដែលពួកគេអានសៀវភៅ។ ទាក់ទងនឹងការសិក្សានេះ លោក នេត្រ ភក្ត្រា ប្រធានទីស្តីផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម ការសិក្សានេះពិតជាបានធ្លុះបញ្ចាំងពីការពិត ហើយកាលដែលយុវជនបានវាយតម្លៃថាសាលាក្តីខ្មែរក្រហម បានចូលរួមចំណែកក្នុង វិស័យអប់រំជាពិសេសការអប់រំផ្នែកប្រវត្តិសាស្ត្រគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់តុលាការលើការងារផ្សព្វផ្សាយទាំងជាមួយ សាធារណជនដោយផ្ទាល់ ក៏ដូចជាជា មួយប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានជាតិ និងអន្តរជាតិនានា។ ការផ្សព្វផ្សាយដែលធ្វើឱ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងមានព័ត៌មានលម្អិតពីដំណើរការ របស់សាលាក្តី។
បើតាមប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ លោក នេត្រ ភក្ត្រា ចាប់តាំងពីដំណើរ នៅឆ្នាំ ២០០៦ រហូតមកទល់នឹងដើមឆ្នាំ២០១៨ នេះ សាលាក្តីខ្មែរក្រហមបានចុះផ្សព្វ ផ្សាយនៅតាមភូមិឃុំនៅទូទាំងប្រទេសកម្ពុជា និងបានស្វាគមន៍បងប្អូនប្រជាពលរដ្ឋមក ពីខេត្តនានាមកទស្សនាសាលាក្តី ក៏ដូចជាចួលរួមស្តាប់សវនាការលើសំណុំរឿងផ្សេងៗ ដោយផ្ទាល់។ សរុប សាធារណជនចំនួន ៥៦ ៤០០០ ដែលតុលាការបានផ្សព្វផ្សាយក្នុង នោះពាក់កណ្តាលគឺជាយុវជនដែលកើតក្រោយរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានថ្លែងថាសាលាក្តីខ្មែរក្រហមមានតួនានទីក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូន ដល់ប្រជាជនកម្ពុជាដែលរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែសាលាក្តីខ្មែរក្រហមក៏ជាផ្នែកមួយនៃកន្លែងអប់រំសិក្សាអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដែរព្រោះ ថាតាមរយៈសវនាការសាធារណៈលើសំណុំរឿងនៅចំពោះមុខតុលាការ សាធារណជន អាចទទួលបានព័ត៌មានលម្អិតអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឯកសារដែលផ្នែកកិច្ចការ សាធារណៈបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន គឺជាឯកសារខ្លះទាក់ទងនឹងទិដ្ឋភាព ច្បាប់ ខ្លះទៀតទាក់ទងនឹងសំណុំឯកសារភស្តុតាង ឬអង្គហេតុផ្សេងៗ។ លោក នេត្រ ភក្ត្រា បន្តថា ពេលដែលសាធារណជនមកចូលរួមស្តាប់សវនាការ និងធ្វើទស្សនកិច្ច សិក្សា ពួកគាត់ទទួលបាននូវការធ្វើបទបង្ហាញពីភាគីផ្សេងៗនៅក្នុងតុលាការដែលនេះ គឺបានពង្រឹងចំណេះដឹងរបស់គាត់មួយកម្រិត បន្ថែមពីលើចំណេះដឹងដែលពួកគាត់បាន សិក្សានៅសាលា ឬទទួលបានការធ្វើបទបង្ហាញនៅតាមសាលាដែលមន្ត្រីផ្នែកកិច្ចការ សាធារណៈចុះទៅដោយផ្ទាល់៕