(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបការងារវាង លោក កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន អមដំណើរដោយឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា លោកទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ស្នើជប៉ុនឲ្យជំរុញវិនិយោគិនជប៉ុន ឱ្យមកវិនិយោគបន្ថែមទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងជួយពន្លឿនការសិក្សាគម្រោង AGT ដើម្បីជួយរំដោះការកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ និងផ្តល់អ្នកជំនាញបច្ចេកទេសដើម្បីគាំទ្រ ដល់ការដាក់ឱ្យដំណើរការប្រព័ន្ធ EDI កំពង់ផែ និងប្រតិបត្តិការសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា។
កិច្ចជំនួបនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ និងការគាំទ្រលើការ ពង្រឹងសមត្ថភាពថែទាំនិងជួលជុលផ្លូវថ្នល់របស់ក្រសួង តាមរយៈផ្តល់ការថែទាំជួសជុលផ្លូវថ្នល់ ឱ្យមានគុណភាពល្អ ការបញ្ចប់គម្រោងស្ថានីយពហុគោលបំណង និងគម្រោងអភិវឌ្ឍស្ថានីយ៍កំពង់ផែកុងតឺន័រកំពង់ផែសមុទ្រទឹកជ្រៅថ្មី។
រដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏បានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះលោក កាហ្ស៊ូ យូគី ណាកាណេ អង្គការJICA និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រ និងការរឹតចំណងមិត្តភាពដើម្បីជួយកសាងអនាគតល្អប្រសើរសម្រាប់កម្ពុជា។
ព្រមជាមួយគ្នានោះ លោកកាហ្ស៊ូយូគី ណាកាណេ និងលោកទេសរដ្ឋមន្រ្តី បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក និងបានពិភាក្សាអំពីការផ្តល់ជំនួយនិងការគាំទ្របន្តពី រដ្ឋាភិបាលជប៉ុនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅច្រករបៀបភាគខាងត្បូងដែលរួមមាន៖ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ការអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ ការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ការអភិវឌ្ឍបន្តនូវ ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អុយរបស់រាជធានីភ្នំពេញ និងគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារ កម្មកម្ពុជា។
លើសពីនេះ លោកស៊ុន ចាន់ថុល បានថ្លែងថា ក្នុងនាមជាប្រធានសហព័ន្ធកីឡាហែលទឹកខ្មែរ លោកបានស្នើឱ្យរដ្ឋាភិបាលជប៉ុន ផ្តល់គ្រូបង្វឹកហែលទឹកជំនាញដើម្បីបង្វឹកកីឡាករហែលទឹកកម្ពុជា និងជួយឧបត្ថម្ភកីឡាករហែលទឹកកម្ពុជា មួយចំនួនទៅ ហ្វឹកហាត់នៅប្រទេសជប៉ុនដើម្បីត្រៀមខ្លួនប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ និងអាស៊ានហ្គេមនៅឆ្នាំ២០២៣។
លោក Kazuyuki NAKANE បានធ្វើការកត់សម្គាល់នូវសំណើរបស់លោកទេសមន្រ្តី និងបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន ចំពោះទីតាំងជាយុទ្ធសាស្រ្ត កម្លាំងពលកម្មវ័យក្មេង និងថាមវន្តរបស់កម្ពុជា និងការធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ មានភាពប្រសើរឡើង ជាបន្តបន្ទាប់។ ក្នុងនាមរដ្ឋាភិបាលជប៉ុន ឯកឧត្តម Kazuyuki NAKANE បានសន្យា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕