(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបង ដែលមានប្រវែង១៣.៥០គីឡូម៉ែត្រ ជាមួយនឹងក្រុមហ៊ុន Beijing Urban Construction Group Co., Ltd របស់ប្រទេសចិន។
អនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបងនេះ គឺជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ក្រោមឥណទានសម្បទាន ធនគារអភិវឌ្ឍនអាស៊ី ។
ការចុះកិច្ចសន្យានៅព្រឹកស្អែកនេះ ដែលនឹងប្រព្រឹត្តិទៅ នៅសាលប្រជុំធំនៃទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ធនាគារអភិវឌ្ឍអាស៊ី (ADB) បានផ្តល់ថវិកាប្រមាណ៣៧លានដុល្លារអាមេរិក សម្រាប់គម្រោងក្នុងអនុតំបន់ (កម្ពុជា-វៀតណាម-ឡាវ) ដោយផ្តោតលើក្រុងចំនួន០៤ របស់កម្ពុជារួមមាន៖ ក្រុងប៉ោយប៉ែត ក្រុងបាត់ដំបង ទីប្រជុំជនអ្នកលឿង និងក្រុងបាវិត៕