(សៀមរាប)៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ» ដោយមានការចូលរួមពីមន្រ្តីជំនាញនៃបណ្តានាយកដ្ឋានក្នុងអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកជាដើម។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតការយល់ដឹងពីការគ្រប់គ្រងប្រាសាទដោយចីរភាព ហើយដើម្បីធ្វើការទាំងនេះបាន យើងត្រូវយល់ដឹងពីគុណតម្លៃនៃប្រាសាទ ជាពិសេសយល់ដឹងពីការងារអភិរក្ស ហើយយើងត្រូវតែមានការអភិវឌ្ឍដោយសមស្រប ឬដោយចីរភាព ដោយវគ្គបណ្តុះបណ្តាលនេះដែរ នឹងធ្វើឡើងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះ បានបន្ថែមទៀតថា៖« ការអភិរក្ស និងការអភិវឌ្ឍ មិនអាចដាច់ពីគ្នាបានទេ តែគោលជំហររបស់យើង (អាជ្ញាធរជាតិអប្សរា) គឺអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស»។
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណនៅឆ្នាំនេះ មានការចូលរួមពីបណ្តាអង្គភាពច្រើនជាងឆ្នាំមុន ពោលគឺកាលពីឆ្នាំមុនមាន តែនាយកដ្ឋាន៣ប៉ុណ្ណោះចូលរួម មានដូចជា៖ ១.នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ២.នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ៣.នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ប៉ុន្តែឆ្នាំនេះមាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ចូលរួមបន្ថែមទៀត។
ជាមួយគ្នានេះ លោក សុខ សង្វារ រំពឹងថា វគ្គបណ្តុះបណ្តាលរយៈពេល២សប្តាហ៍នេះ ដែលមានលោក Jean-Christophe Simon អគ្គនាយកផ្នែកអធិការកិច្ចនៃសំណង់បុរាណ នៃក្រសួងវប្បធម៌បារាំងជាវាគ្មិន នឹងធ្វើឱ្យសិក្ខាកាមទាំងអស់យល់ពីចំណុចសំខាន់ៗ ដែលជាសារប្រយោជន៍ដល់ការងារអភិរក្ស និងការងារអភិវឌ្ឍនៃរមណីយដ្ឋានអង្គរ ក៏ដូចជាសំណង់ប្រាសាទបុរាណដទៃក្នុងប្រទេសកម្ពុជា៕