(កំពង់ធំ)៖ ថ្លែងក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តឆ្នាំ២០១៨ នៃតំបន់ប្រតិបត្តិការសឹកខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ លោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការងាររបស់សមាគមន៍ អតីតយុទ្ធជនមានសារសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោក ងួន សុជាតិ បានបន្តថា សកម្មភាពស្នូលរបស់តំបន់ប្រតិបត្តិការសឹកខេត្តកំពង់ធំ សកម្មភាពទី៤ គឺការងាររបស់សមាគមន៍ អតីតយុទ្ធជន ពិតជាមានសារសំខាន់ណាស់ ដែលឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងតែសម្តែងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅលើសុខទុក្ខរបស់ក្រុមគ្រួសារនៃអតីតយុទ្ធជនដែលពលី ដើម្បីជាតិមាតុភូមិមិនខ្លាចនឿយហត់។
លោក ងួន សុជាតិ បានបន្តថយ៉ាងដូច្នេះថា «ដើម្បីបង្ហាញនូវការយកចិត្តទុក្ខដាក់នូវ សកម្មភាពអតីតយុទ្ធជននេះ សម្តេចតេជោ ហ៊ុន សែន មានចំណាយនូវកម្លាំងកាយចិត្ត រួមទាំងថវិកាមួយចំនួនធំ ដោយធ្វើការឧបត្ថម្ភលើគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនក្រុមគ្រួសារ របស់យុទ្ធជន ក្នុងការជួយសម្រួលនូវជីវភាពបានមួយគ្រា»។
សម្រាប់ការងារសមាគមន៍អតីតយុទ្ធជន គឺជាសកម្មភាពទី៤ ក្នុងចំណោមខ្លឹមសារ នៃការងារស្នូលរបស់តំបន់ ប្រតិបត្តិការសឹកខេត្តកំពង់ធំ បានចំណាយថវិកាអស់ប្រមាណជា២២៩,៨៩៨,៥០០រៀល ដែលមានថវិកាសម្តេចតេជោ ហ៊ុន សែន ចំនួន១៩៥,៩៩០,០០០រៀល និងថវិកា ស.អ.ក ២៣,៩០៨,៥០០រៀល ក្នុងសកម្មភាពការងារអតីតយុទ្ធជនប្រចាំឆ្នាំ ២០១៧កន្លងទៅនេះ។
លោក ងួន សុជាតិ បានបញ្ជាក់ថា កន្លងមក លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានធ្វើការចុះសួរសុខទុក្ខអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការ លំបាក ចំនួន២១៥ លើក លើប្រជាពលរដ្ឋចំនួន២៨៣នាក់ និងបានឧបត្ថម្ភ ថវិកាចំនួន២៣,៣១៧,០០០រៀល អង្ករចំនួន៧,៣៧៥ គីឡូក្រាម គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងផ្ទះជូនអតីតយុទ្ធព្រមទាំងជនក្រីក្រផងដែរ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានប្តេជ្ញាចិត្ត ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ដែលកំពុងមានព្រមទាំងកំណត់នូវគោលដៅដូចជាទី១៖ ការអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើដើម្បីរក្សា ការពារ សន្តិសុខជូនជាតិមាតុភូមិ, ទី២៖ ចូលរួមសហការណ៍ និងអនុវត្តនូវគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាពទាំង០៩ចំណុច, ទី៣៖ ចូលរួមយ៉ាងសកម្មក្នុងកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ, ទី៤៖ បន្តហ្វឹកហ្វឺន រៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងគុណភាពយោធិនឲ្យមានឈ្មោះស្មោះត្រង់ចំពោះជាតិ, ទី៥៖ បន្តការក៏សាងអង្គភាព និងអំពើមនុស្សធម៌, ទី៦៖ យកចិត្តទុកដាក់គ្រប់គ្រងអាវុធ-គ្រាប់ ថែរក្សាតាមលក្ខណៈបច្ចេកទេស, និងទី៧៖ ចូលរួមការងារប្រឡងប្រណាំងឲ្យបានផុលផុសផងដែរ៕