(ត្បូងឃ្មុំ-កំពង់ចាម)៖ លោក យូ ស៊ុនឡុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ អមដំណើរដោយលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងសហការី បានចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុននេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នេះផងដែរ។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង៥គីឡូម៉ែត្រ ដែលតួស្ពានប្រវែង ១,១៣១ម៉ែត្រ ទទឹង១៣.៥ម៉ែត្រ និងផ្លូវតភ្ជាប់ ប្រវែង៣,៨៦៩គីឡូម៉ែត្រ នឹងបើកការសាងសង់នាពេលឆាប់ៗខាងមុខនេះ។
គួររំលឹកថា នេះជាស្ពានទី២ហើយ បន្ទាប់ពីស្ពានគីហ៊្សុណា ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ខេត្តត្បូងឃ្មុំ-កំពង់ចាម ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋខេត្តទាំង២ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ខេត្តទាំង២នេះ ដោយពីមុនត្រូវឆ្លងដោយសាឡង់ ប៉ុន្តែនាពេលខ្លីខាងមុខនេះ បងប្អូនអ្នកដំណើរទាំងអស់ នឹងងាយស្រួលក្នុងការធ្វើដំណើរ ទៅមកចំណេញទាំងថវិកា ពេលវេលា ក៏ដូចជាសុវត្ថិភាព។
នៅពេលឆ្លងទន្លេទៅមកស្រុកទាំង២ នៃខេត្តទាំង២ ពិសេសឆ្លងពីកំពង់ចាមទៅត្បូងឃ្មុំ បន្តធ្វើទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង កាន់តែងាយស្រួល និងរហ័សជាងមុន ដែលនេះស្ថិតក្រោមការគិតគូរ និងយកចិត្តទុកខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ត្រួសត្រាយប្រទេសពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ ជាពិសេសវិស័យសាធារណៈការ និងដឹកជញ្ជូននេះ ដែលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ដោយលើកឡើងថា «មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម»៕