(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន បានស្នើដល់អាជ្ញាធរកម្ពុជា បន្ដខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធានាដល់សុខសុវត្ថិភាព ដល់ប្រជាជនរបស់ខ្លួន ដែលមកទស្សនកិច្ច និងវិនិយោគនៅកម្ពុជា។
កិច្ចជំនួបខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ស្របពេលដែលលោក កាហ្ស៊ូយូគី ណាកាណេ អញ្ជើញមកប្រទេសកម្ពុជា ដើម្បីកាត់ខ្សែបូ ដំណើរការការិយាល័យកុងស៊ុលជប៉ុន នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ។
លោក កាហ្ស៊ូយូគី ហ្សាកាណេ បានលើកឡើងថា ទាំងអ្នកវិនិយោគជប៉ុន និងអ្នកទេសចរជប៉ុននៅកម្ពុជា កាន់តែច្រើន កើនឡើងពីមួយឆ្នាំ ទៅមួយឆ្នំា ដូច្នេះការដែលជប៉ុន សម្រេចបង្កើត អគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏ដើម្បីបញ្ជាក់នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ។
អនុរដ្ឋមន្ដ្រីការ បរទេសជប៉ុន បានបន្ដថា ខណៈអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនកើនឡើង នៅក្នុងប្រទេសកម្ពុជានេះ ដូច្នេះលោកបានស្នើដល់សម្តេច ស ខេង ជួយមើលនិងជួយ បង្កើនសន្តិសុខដល់ប្រជាជនខ្លួន ជាពិសេសជួយសម្រួលភាពងាយស្រួល ដល់ប្រជាជនជប៉ុនខណៈពួកគេ បាត់នូវឯកសារ ឬលិខិតឆ្លងដែនអ្វីជាដើមនោះ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុន គឺជាមិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជាពិតជាអគុណយ៉ាងខ្លាំង ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេស កម្ពុជានាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។ យ៉ាងណាក៏ដោយ សម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុន នៅប្រទេសកម្ពុជាចាំបាច់បំផុត គឺក្រសួងមហាផ្ទៃ ត្រូវតែមើលនិងថែ រក្សាសុខសុវត្ថិភាពដល់ពួកគេ។
សម្តេចបានឲ្យដឹងថា ការដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ជប៉ុន នៅក្នុងទឹកដីខេត្តសៀមរាប គឺជាការបង្ហាញពីការជឿជាក់ របស់ភាគីជប៉ុន អំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជា ការជំរុញឲ្យវិស័យទេសចរណ៍ មានការរីកចម្រើនកាន់តែខ្លាំងផងដែរ។
ជាមួយគ្នានោះ លោក កាហ្ស៊ូយូគី ហ្សាកាណេ ក៏បានសន្យាថា នឹងបន្តជួយដល់ប្រទេសកម្ពុជា បន្ថែមទៀត និងសន្យាជំរុញឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែ ជិតស្និតនិងគ្នាបន្ថែមទៀត ខណៈក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ី នៅប្រទេសកម្ពុជាមានរហូតដល់ជាង២៥០ក្រុមហ៊ុន និងប្រជាជនជប៉ុនមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសនៅ ខេត្តសៀមរាបរហូតដល់ជាង២សែននាក់ ក្នុងឆ្នាំ២០១៧កន្លងទៅនេះ៕