(ស្ទឹងត្រែង)៖ នាយករងរដ្ឋបាល នាយកទីចាត់ការ អនុប្រធានអង្គភាព និងមន្រ្តីជួរមុខ ជួរក្រោយអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ុម សារឿន អភិបាលខេត្ត។
ក្នុងពិធីដែលបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តស្ទឹងត្រែងជាច្រើនរូបផងដែរ។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីរាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា៕