(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានរៀបចំពិធីសម្ពោធលទ្ធឆ្នោតកីឡាជាតិ Win6+ បន្ថែមទៀត សម្រាប់បម្រើដល់អតិថិជន ដែលនិយមគាំទ្រឆ្នោតកីឡាជាតិ ប្តេជ្ញាជួយគាំទ្រដល់វិស័យកីឡាជាតិ និងកិច្ចការមនុស្សធម៌នៅកម្ពុជា។
ពិធីសម្ពោធលទ្ធផលឆ្នោត Win6+ ថ្មីនេះ មានការចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងសមាជិកអ្នក វិនិយោគ ផ្នែកឆ្នោតកីឡាជាតិ ជាច្រើននាក់ផងដែរ ទីស្នាក់ក្រុមហ៊ុន ហ្វ៊ូហ័ងគ្រុប រាជធានីភ្នំពេញ។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានថ្លែងថា ក្រមហ៊ុនទទួលបាននូវអាជ្ញាប័ណ្ណស្របច្បាប់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មឆ្នោតនៅកម្ពុជា។ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាអង្គភាពស្របច្បាប់ ដែលរួមសហការជាមួយគណៈកម្មាធិការជាតិអឡាំពិកកម្ពុជា ក្នុងការចែកចាយឆ្នោតកីឡា។ គោលបំណងរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ «គឺសុខុមាលភាពសង្គម» «សប្បុរសធម៌» កាយសម្បទា និងកិត្យានុភាព»។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានបន្តថា សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនមានគម្រោងពង្រីកវិសាលភាពវិនិយោគលើស្ថានីយ៍ទូរទស្សន៍កីឡាជាតិ ជាពិសេសគឺសកម្មភាពការចូលរួម ចំណែកសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិចកម្ពុជា ដើម្បីការជំរុញវិស័យកីឡាជាតិ ឲ្យមានការរីកចម្រើនដើម្បីទទួលស្វាគមន៍កីឡាអាស៊ី និងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសខ្លាំងមួយ នៅអាស៊ីលើវិស័យកីឡា។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានបញ្ជាក់ថា មិនតែប៉ុណ្ណោះក្រុមហ៊ុននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅប្រទេសចិន ហុងកុង ម៉ាកាវ និងក្រៅប្រទេសដឹកនាំអ្នកអ្នកវិនិយោគបរទេស ឲ្យបានកាន់តែច្រើនដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ដើម្បិផ្តល់ការងារកាន់តែច្រើនដល់ពលរដ្ឋកម្ពុជា ដែលជាផ្នែកមួយជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកបន្ថែមថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទិញឆ្នោតកីឡាជាតិ លោកអ្នកក៏ដូចជាបានជួយ ដល់វិស័យកីឡានៅកម្ពុជាផងដែរ ដូចនេះការជាវឆ្នោតកោសកីឡាជាតិមួយសន្លឹករបស់អ្នក គឺជាការចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលអត្តពលិកខ្មែរ ដើម្បីភាពជោគជ័យកីឡាស៊ីហ្គេម ២០២៣៕