(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាគុនខ្មែរក្រោមការឧបត្ថម្ភ ក្រុមហ៊ុនស្រាបៀរលីអូ បានប្រកាសបើកការ ប្រកួត «កំពូលអ្នកប្រដាល់ស្រាបៀរលីអូរដូវកាលទី៧»ដែលជារដូវកាលថ្មីដោយមានកំពូលអ្នកប្រដាល់កម្ពុជា និងថៃ ចំនួន៨រូប។
លោក ព្រាប សុវណ្ណ តំណាងស្រាបៀរលីអូ បានថ្លែងក្នុងសន្និសីទកាសែតនៅ សង្វៀន ទូរទស្សន៍បាយ័នបឹងស្នោរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ថា កម្មវិធីកំពូលអ្នកប្រដាល់ស្រាបៀរលីអូនារដូវកាលកន្លងមក មានការគាំទ្រខ្លាំង ដូច្នេះនៅរដូវកាលទី៧នេះ ខាងក្រុមហ៊ុននិងគណៈកម្មាធិការប្រដាល់គុនខ្មែរ ក៏បានសម្រេចចិត្តបន្តការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ជាលក្ខណៈអន្តរជាតិបន្តទៀត។
កំពូលអ្នកប្រដាល់កម្ពុជា ថៃ និងឡាវ ចំនួន៨ រូបគឺ៖ វង្ស ណយ, ពេជ្រ សីហា, ម៉ឺន សុភា, នី សុភី, កង់ណារុង ស៊ីត សារ៉ាវ៉ាថោហ្វ, រ៉ាស្រ៊ីស៊ីង វ៉រ វីវ៉ាថាណានុន, វ៉ាតឆារ៉ាឡេត ស៊ីត កុឡាភ និងអរុណដេត ប៉ាក់ថុងឆ័យ នឹងឡើងមកបង្ហាញសមត្ថភាពក្នុងរដូវកាលថ្មីនេះ។
លោកព្រាប សុវណ្ណ បានបន្តថាការឧបត្ថម្ភនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ស្រាបៀរលីអូក្នុងការគាំទ្រ កីឡា ប្រដាល់កម្ពុជា និងកីឡាករកម្ពុជាហើយ «យើងជឿជាក់ថា កីឡាករកម្ពុជាទាំងអស់ សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីចូលរួមទស្សនាការប្រកួតរបស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗនិងខ្លាំងៗជាច្រើនរូប។ ហើយស្រាបៀរលីអូ នឹងនៅទីនេះដើម្បីលើកទឹកចិត្តនិងអបអររាល់ជ័យជម្នះរបស់កីឡាករកម្ពុជាទាំងអស់»។
លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍កីឡាប្រដាល់នេះ ជាការពង្រឹងពង្រីកវិស័យកីឡាប្រដាល់ឱ្យកាន់តែរីកចម្រើន
និងជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកប្រដាល់ ក៏ដូចជាការថែរក្សាក្បាច់ប្រដាល់ខ្មែរឱ្យនៅគង់វង្ស។
ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ ដ៏អស្ចារ្យរបស់ «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នេះតទៅ។ ការប្រកួតមានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៦ល្ងាច នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន បឹងស្នោ ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរស្សន៍បាយ័នផងដែរ