(ត្បូងឃ្មុំ)៖ អស់បារម្ភទៀតហើយ! សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន ក្នុងស្រុកក្រូចឆ្មារទាំងអស់ នៃខេត្តត្បូងឃ្មុំ នៅពេលដែលមានពិធីផ្សេងៗនៅសម្រាប់គ្រួសារ រាប់ទាំងពិធីបុណ្យសព និងពិធីរៀបការជាដើម ដោយសារតែអាជ្ញាធរទាំងមេឃុំ និងស្មៀន បានចុះទៅផ្ទាល់តែម្តង សម្រាប់ការរៀបចំជូននូវអត្រានុកូលដ្ឋាន (កើត ស្លាប់) និងពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។ នេះបើតាមការ បញ្ជាក់ពីលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។
នៅថ្ងៃនេះលោក ហាក់ សុខមករា បានអញ្ជើញជួបសំណេះសំណាល ជាមួយមេឃុំ និងស្នៀនឃុំទាំង១២ឃុំ ក្នុងស្រុកក្រូចឆ្មារទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់ បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលា។
លោកបានបញ្ជាក់ថា «ជាពិសេសយកចិត្តទុកដាក់ លើការងារបម្រើសេវា អត្រានុកូលដ្ឋាន ព្រមទាំង ជំរុញឲ្យស្មៀនគ្រប់ឃុំ មេឃុំ គ្រប់ឃុំ ចុះបម្រើសេវាអត្រានុកូលដ្ឋាន កើត ស្លាប់ និងសំបុត្រ អាពាហ៍ពិពាហ៍ ដល់លំនៅដ្ឋាន ក៏ដូចជាទីតាំងប្រារព្វពិធីរបស់បងប្អូនប្រជាពលរដ្ឋ និងលើកទឹកចឹត្តជូនប្រាក់រង្វាន់ លើការងារអនុវត្តបាន ក៏ដូចជា បង្កើតឲ្យមានការប្រឡងប្រណាំង លើឃុំណាដែលអនុវត្តបានល្អ និងមានស្នាដៃឆ្នើម និងទទួលបានរង្វាន់»។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្រ្តីទាំងអស់ ត្រូវអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»៕