Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ព្រមានដល់មន្ត្រីណាដែលហ៊ានស៊ីញ៉េអនុញ្ញាតឲ្យសង់សំណង់ខុសច្បាប់ ដើម្បីទទួលលាភសក្ការៈ នឹងទទួលខុសត្រូវចំពោះមុខច្បាប់

29-01-2018 16:50

(ព្រះវិហារ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដារ អភិបាលខេត្តព្រះវិហារ បានព្រមានដល់មន្ត្រីទាំងឡាយណា ដែលហ៊ានស៊ីញ៉េអនុញ្ញាតឲ្យសាងសង់សំណង់ ដោយខុសច្បាប់ដើម្បីទទួលបានលាភសក្ការៈ នឹងត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។

លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញទូទាំងខេត្ត ត្រូវត្រួតពិនិត្យមើលរាល់សំណង់ទាំងអស់ នៅក្នុងទីប្រជុំជន ឬក្នុងដែនគ្រប់គ្រងរបស់ខ្លួន មិនត្រូវឲ្យសាងសង់ដោយគ្មានច្បាប់ អនុញ្ញាតនោះទេ។ ក្រោម៥០០ម៉ែត្រការ៉េ ចំពោះសំណង់លំនៅដ្ឋាន មិនលើសពីមួយជាន់សម្រចត្រឹមថ្នាក់ សាលាក្រុងព្រះវិហារ ចំពោះសំណង់ក្រោម៣០០០ម៉ែត្រការ៉េ សម្រេចត្រឹមថ្នាក់ខេត្ត និងចំពោះសំណង់ដែលលើសពី៣០០០​ម៉ែត្រការ៉េ សម្រេចដល់ថ្នាក់ក្រសួងហើយចំពោះសំណង់ស្ថានីយ៍ប្រេង គឺក្រសួងជាអ្នកសម្រេច។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា អាជ្ញាធរក្រុងស្រុក ត្រូវត្រួតពិនិត្យមើលការចាក់ដីលុបបឹង ព្រែក និងលុបលូ ដែលបណ្តាលឲ្យស្ទះទឹក និងប៉ះពាល់ដល់បរិស្ថានត្រូវចុះពិនិត្យមើលភ្លាម មិនត្រូវបណ្តែតបណ្តោយទាល់តែមានបញ្ហាឆ្លើយដាក់គ្នានោះទេ។ ហើយចំពោះការយកដីចំណីផ្លូវ ធ្វើអាជីវកម្មក៏យ៉ាងដូច្នោះដែរ ព្រោះកន្លងមកធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕