(ភ្នំពេញ)៖ ក្នុងរយៈពេលមួយខែដើមឆ្នាំ២០១៨នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយស្វែងរកការងារធ្វើដល់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានជាង៥០០នាក់។
ការជួយស្វែងរកការងាររបស់ NEA នេះ ដោយមានការសហការជាមួយក្រុមហ៊ុនផ្សេងៗដើម្បីរៀបចំវេទិកាការងារប្រចាំខែ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារដោយផ្ទាល់ និងមួយចំនួនទៀតតាមរយៈមជ្ឈមណ្ឌលការងារទាំង១១ ដែលនៅតាមបណ្តាខេត្ត។
ដោយសារការរក្សាបានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជានៅតែបន្តឆ្ពោះទៅមុខ ដែលស្តែងចេញតាមរយៈ តម្រូវជ្រើសរើសបុគ្គលិក និងការបង្កើតការងារថ្មីៗពីសំណាក់ក្រុមហ៊ុន/សហគ្រាសទាំងក្នុង និងក្រៅប្រទេសជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។
លោក ផុន ធារ៉ាជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញបរិស្ថាន ដែលទើបទទួលបានការងារ នៅក្នុងក្រុមហ៊ុនទូរស័ព្ទ Cellcard ក្នុងខែមករានេះ បានលើកឡើងថាជាច្រើនលើកច្រើនសារហើយ លោកតែងតែតាមដានពីព័ត៌មានជ្រើសរើស បុគ្គលិកតាមមធ្យោបាយផ្សេងៗ ក្នុងនោះមានតាមរយៈគេហទំព័រនានា តែប្រព័ន្ធសង្គមដែលលោកតាមដានជាញឹកញាប់ជាងគេ គឺហ្វេសបុករបស់NEA។
លោកបន្តថា៖ «ខ្ញុំមិននឹកស្មានថា ខ្ញុំជាប់ការងារសោះ ព្រោះខ្ញុំជានិស្សិតមិនទាន់មានបទពិសោធន៍ការងារនោះទេ តែខ្ញុំតែងតាមដានFacebookNEA ដើម្បីដឹងព័ត៌មានការងារ»។
ស្រដៀងគ្នានេះដែរ និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា សន បុទុមបូណ៌មី ដែលទទួលបានការងារក្នុងវេទិកាការងាររបស់ NEA ក្នុងខែមករានេះដែរ លើកឡើងថាកញ្ញាតែងតែចូលរួមវេទិកាការងាររបស់ទីភ្នាក់ងារជាតិ មុខរបរនិងការងារជាទូទៅកញ្ញាទទួលបានព័ត៌មាននេះ តាមរយៈហ្វេសបុក របស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ។ កញ្ញាបន្តថា «នាងខ្ញុំមើលឃើញថា វាពិតជាមានភាពងាយស្រួលណាស់សម្រាប់សិស្ស/និស្សិតដូចជាខ្ញុំ ព្រោះមិនពិបាកចំណាយពេលវេលាដើម្បីទៅដើរដាក់CV នៅតាមក្រុមហ៊ុន។ ការដាក់ពាក្យនៅតាមក្រុមហ៊ុន
ចំណាយពេលវេលាពីមួយសប្តាហ៍ទៅ ពីរសប្តាហ៍ទើបខាងក្រុមហ៊ុនទំនាក់ទំនងមក តែនៅទីនេះដាក់CVភ្លាមបានសម្ភាសភ្លាម និងដឹងថាជាប់ឬធ្លាក់ភ្លាមតែម្តង»។
គួររម្លឹកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បីជំរុញឲ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។ តាមរបាយការណ៍ក្នុងឆ្នាំ២០១៧កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការរងារ(NEA) បានជួយរកការងារធ្វើជូនប្រជាពលរដ្ឋសរុបចំនួន៣,៤១២នាក់ បញ្ជូនអ្នកស្វែងរកការងារធ្វើ ទៅឱ្យនិយោជក
ដែលត្រូវការកម្លាំងពលកម្មមានចំនួន ១៦,០៧២នាក់ បានចុះឈ្មោះអ្នកស្វែងរកការងារសរុបចំនួន១៤,៨២៨នាក់ និងបានប្រមូលដំណឹងជ្រើសរើសបុគ្គលិពីគ្រប់ប្រភពចំនួន ៨៥,៧០២ការងារ។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារ ឬចង់បានបទពិសោធន៍ ក្នុងការស្វែងរកការងារប្រកបដោយប្រសិទ្ធភាព អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.kh និងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖
រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕