(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលមានលោក សឺន ស៊ូបែរ្តិ៍ ជាប្រធានគណបក្សសិទ្ធិមនុស្សបានប្រកាសរំលាយចោលគណបក្សរបស់ខ្លួនភ្លាម នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានបង្ហាញសារចំនួន៣ចំណុច ដែលគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សសិទ្ធិមនុស្ស បានសម្រេចរំលាយគណបក្សនេះចោល។
កញ្ញា កឹម មនោវិទ្យា បានបង្ហាញសារនៅលើបណ្តាញទំនាក់ទំនង Facebook របស់លោក កឹម សុខា យ៉ាងដូច្នេះថា៖ «គណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សសិទ្ធិមនុស្ស បានសម្រេចរំលាយ គសមដោយឈរលើគោលការណ៍៣យ៉ាង៖ ១, ដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមមិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម។ ២, មិនធ្វើតាម សេណារីយ៉ូ ដែលគេឱ្យយើងលេងល្បែង ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ ហើយគេឱ្យយើងចែកចានចែកឆ្នាំងទៅនៅផ្ទះចាស់រៀងៗខ្លួននោះទេ។ ៣, គោរពឆន្ទ:របស់ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតជាង ៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ។
លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីការរំលាយចោល គណបក្សសិទ្ធិមនុស្ស។
អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជា ចៅចាក់ស្មុក បានលើកឡើងថា ការប្រកាសបង្កើតចលនាឧទ្ទាមសង្គ្រោះជាតិរបស់ សម រង្ស៊ី ដោយមាន អេង ឆៃអ៊ាង មូរ មុខហួរ និង ជូឡុង សូមួរ៉ា នៅពីក្រោយគឺជាពលប្រហារក្នុងចំណោមកម្លាំងបក្សប្រឆាំងក្រៅច្បាប់ និងជាការដណ្តើមអំណាចគ្រប់គ្រងលើក្រុមប្រឆាំងរបស់ កឹម សុខា ពីសំណាក់ក្រុម សម រង្ស៊ី ដើម្បីឱ្យទណ្ឌិតរូបនេះអាចវិលត្រឡប់ចូលក្នុងឆាកនយោបាយបានជាថ្មី ក្លាយជាតួឯកប្រឆាំងម្តងទៀត។
អ្នកវិភាគដដែលរូបនោះបានបន្ថែមទៀតថា ទន្ទឹមនឹងនេះការបង្កើតចលនានេះ មានការប្រកាសរំលាយគណបក្សសិទ្ធិមនុស្សចោល នេះគឺជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុងនៃក្រុម សម រង្ស៊ី និងក្រុម កឹម សុខា យ៉ាងច្បាស់ និងការដណ្តើមឥទ្ធិពល និងការគ្រប់គ្រងក្នុងជួរកម្លាំងអតីតបក្សប្រឆាំង។ ការប្រកាសរំលាយបក្សសិទ្ធិមនុស្សរបស់ក្រុមកឹម សុខា គឺជាការដាក់សម្ពាធទៅក្រុម សម រង្ស៊ី ដើម្បីបង្ហាញភាពស្មោះត្រង់ថា ការបង្កើតចលនាឧទ្ទាមសង្គ្រោះជាតិ គឺមិនមែនដើម្បីដណ្តើមអំណាចឡើយ ហើយបើ សម រង្ស៊ី និងគូកនគាត់ពិតជាស្មោះត្រង់មែន គឺត្រូវតែ រំលាយបក្សភ្លើងទៀនចោលដែរ និងមកជ្រកក្រោមស្លាកខ្មោចបក្សសង្គ្រោះជាតិរួមគ្នា។
«ប៉ុន្តែខ្ញុំសង្ស័យថា ក្រុមកឹម សុខា អាចចាញ់ សម រង្ស៊ី បោសគូថខោ ព្រោះចលនាសង្គ្រោះជាតិបានលេបយកព្រលឹងសពបក្សសង្គ្រោះជាតិហើយ ហើយនៅមិននៅ ប្រកាសដុតជម្រកចាស់ខ្លួនឯង ចោលទៀត ដើម្បីបង្ហាញភាពស្មោះត្រង់ខ្លួន។ ចុះបើ សម រង្ស៊ី មិនរំលាយបក្សភ្លើងទៀន និងបន្តដឹកនាំចលនានេះ ដឹកមុខក្រុម កឹម សុខា នោះសេណារីយូរបស់ សម រង្ស៊ី នឹងទទួលបានជោគជ័យ គឺដណ្តើមអំណាចពី កឹម សុខា ធ្វើជាប្រធានក្រុមកម្លាំងប្រឆាំង។ នេះហើយជាការបែកបាក់ពិតនោះ! កឹម សុខា ក៏ក៏ត្រូវបានសម រង្ស៊ី យកមកធ្វើជំនួញនយោបាយ កេរតំណែកបក្សសិទ្ធិមនុស្សរបស់ កឹម សុខា ក៏រលាយ។ ទីបំផុត គឺសមរង្ស៊ី និងគូកនគាត់ដែលសប្បាយរីករាយ ព្រោះបានកម្ចាត់ កឹមសុខា ចោល ដែលគេសង្ស័យថាជាមនុស្សរបស់ទេវតាយូរមកហើយនោះ» នេះការបន្ថែមរបស់អ្នកវិភាគ ចៅចាក់ស្មុក ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។