(ភ្នំពេញ)៖ វាពិតជារឿងគួរឲ្យសោកស្តាយ និងឈឺចាប់ជាពន់ពេក ដែលលោក សម រង្ស៊ី នៅតែចចេស រឹងរូស ប្រកាសបង្កើតចលនាសង្គ្រោះជាតិជាមួយបក្ខពួករបស់ខ្លួនមួយក្តាប់តូច ទោះបីជាមានចលនាប្រឆាំងយ៉ាងខ្លាំងក្លាពីផ្ទៃក្នុងបក្សសង្គ្រោះជាតិក៏ដោយចុះ។ អំពើរបស់លោក សម រង្ស៊ី ប្រៀបដូចជាកំពុងយកដែកគោលទៅវ៉ៃលើគម្របក្តាមឈូស របស់គណបក្សសង្គ្រោះជាតិមុននឹងដង្ហែទៅបូជាយ៉ាងដូច្នោះដែរ។

អ្វីដែលគួរឲ្យសោកស្តាយបំផុតគឺ លោក សម រង្ស៊ី ខំអួតក្តែងៗថា ជាអ្នកប្រជាធិបតេយ្យ ប្រឆាំងរបបដឹកនាំផ្តាច់ការ តែតាមការពិត គឺរូបលោក សម រង្ស៊ី នេះហើយដែលផ្តាច់ការបំផុតពីព្រោះលោក សម រង្ស៊ី មិនបានស្តាប់មតិយោបល់របស់មន្ត្រី សកម្មជន និងអ្នកគាំទ្ររបស់បក្សសង្គ្រោះជាតិភាគច្រើនដែលបានតវ៉ាប្រឆាំងនឹង ការបង្កើតចលនាសង្គ្រោះជាតិនេះឡើយ។ ការបង្កើតចលនាសង្គ្រោះជាតិមានន័យថា ទី១៖ លោក សម រង្ស៊ី កំពុងចូលរួមរំលាយគណបក្សសង្គ្រោះជាតិឲ្យរលាយសាបសូន្យដោយខ្លួនឯង។ ទី២៖ លោក សមរង្ស៊ី ចាត់ទុកលោក កឹម សុខា គ្រាន់តែជាទំនិញនយោបាយតែប៉ុណ្ណោះ និងទី៣ គឺលោក សម រង្ស៊ី ជាអ្នកបំបែកព្រលឹងបក្សសង្គ្រោះជាតិឲ្យរលាយសាបសូន្យតែម្តង។

អ្វីដែលលោក សម រង្ស៊ី បានធ្វើពេលនេះគឺជាអំពើឆ្លៀតឱកាសដណ្តើមអំណាចពីលោក កឹម សុខា យ៉ាងច្បាស់ក្រឡែតខណៈដែលលោក កឹម សុខា កំពុងជាប់ពន្ធនាគារ។ ការដណ្តើមអំណាចទាំងភ្នែកស្រស់ និងឥតអៀនខ្មាសរបស់លោក សម រង្ស៊ី គឺដោយសារតែបុគ្គលរូបនេះខិតខំព្យាយាមសង្គ្រោះជីវិតនយោបាយរបស់ខ្លួន ដែលហាក់ត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ បន្ទាប់ពីគាត់បានលាលែងពីប្រធានបក្សសង្គ្រោះជាតិ។ យុទ្ធសាស្ត្រដែលលោក សម រង្ស៊ី ប្រើនៅពេលនេះក៏មិនខុសអ្វីពីលើកមុនៗដែរ គឺធ្វើនយោបាយដោយជាន់លើខ្នងសកម្មជន និងអ្នកគាំទ្រដើម្បីឈោងចាប់អំណាច។

តើចលនាសង្គ្រោះជាតិអាចជួយឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញដូចលោក សម រង្ស៊ី ប្រកាសដែរឬទេ?

កុំថាឡើយដល់ទៅជួយសង្គ្រោះជីវិតគណបក្សសង្គ្រោះជាតិបាន ប៉ុន្តែ ចលនានេះត្រូវគេមើលឃើញយ៉ាងច្បាស់ណាស់ថា គឺជាចលនាដែលបន្ថែមទម្ងន់ទុក្ខទោសឲ្យមន្ត្រី សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនតែប៉ុណ្ណោះ។ ចលនានេះនឹងបើកឱកាសឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់បក្សកាន់អំណាចមានហេតុផលផ្លូវច្បាប់យ៉ាងគ្រប់គ្រាន់ ក្នុងការចាត់វិធានការប្រឆាំងអ្នកដែលហ៊ានចូលរួមក្នុងចលនានេះ។

សម្រាប់លោក សម រង្ស៊ី ខ្លួនឯង និងបក្ខពួកមួយចំនួនដែលរត់ភៀសខ្លួនទៅបរទេសប្រហែលជាអាជ្ញាធរមិនអាចធ្វើអ្វីបាន ប៉ុន្តែ សម្រាប់អ្នករស់នៅក្នុងស្រុក បើអ្នកណាហ៊ានចូលរួមគាំទ្រ និងធ្វើសកម្មភាពដូចដែលចលនានេះអំពាវនាវ អ្នកទាំងនោះនឹងត្រូវទទួលរងចំណាត់ការពីអាជ្ញាធរជាមិនខានឡើយ។ នយោបាយបែបនេះផ្ទុយស្រឡះពីគោលដៅដើមរបស់គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា ដែលព្យាយាមតស៊ូដោយអហិង្សា និងមិនយកប្រជាជនធ្វើជាឈ្នាន់។ មានវិធីច្រើនយ៉ាងណាស់ដែលគេអាចតស៊ូបានក្រោមដំបូលបក្សសង្គ្រោះជាតិដែលមានទម្ងន់ជាងចលនាសង្គ្រោះជាតិដែលលោក សម រង្ស៊ី បង្កើតឡើងនៅពេលនេះទៅទៀត ពីព្រោះសូមកុំភ្លេចថា ការតស៊ូក្រោមស្លាកគណបក្សសង្គ្រោះជាតិមានកម្លាំងអ្នកគាំទ្រនៅមូលគ្នា។ ផ្ទុយទៅវិញ ចលនាសង្គ្រោះជាតិ បានបំបែកកម្លាំងគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ឲ្យបែកបាក់ខ្ទេចខ្ទី ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលចូលរួម។ តើវាមានន័យយ៉ាងដូចម្តេច នៅពេលដែលយើងទៅបំបែកកម្លាំងគាំទ្រឲ្យបែកបាក់ខ្ទេចខ្ទីអស់ រួចហើយយកកម្លាំងមួយចំណែកតូចទៅប្រកាសចលនាតស៊ូ ហើយមកអះអាងថា ដើម្បីសង្គ្រោះជីវិតគណបក្សឲ្យរស់ឡើងវិញ? ប្រសិនបើលោក សម រង្ស៊ី ពិតជាគិតគូរប្រយោជន៍ជាតិ និងចង់ឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញមែន ហេតុម្តេចបានជាលោក សម រង្ស៊ី មិនប្រើកម្លាំងសរុបដើម្បីតស៊ូតែម្តងទៅ? សំណួរនេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ពីចេតនាអាក្រក់របស់លោក សម រង្ស៊ី ដែលចង់តែការពារជីវិតនយោបាយរបស់ខ្លួនម្នាក់ឯង ហើយសុខចិត្តបំផ្លាញព្រលឹងបក្សទាំងមូលចោល។ វាមិនដែលមានរូបមន្តណា បំបែកកម្លាំងជាបំណែកតូចៗហើយទៅតស៊ូ ជាមួយគេឈ្នះឡើយ។ សូម្បីកូនក្មេងក៏គិតឃើញដែរ ប៉ុន្តែ ចម្លែកតែលោក សម រង្ស៊ី បែរជាគិតមិនឃើញសូម្បីតែរឿងកំប៉ិកកំប៉ុកប៉ុណ្ណឹងសោះ?

យ៉ាងណាក៏ដោយ យើងនៅតែសង្ឃឹមលើស្មារតីរបស់បងប្អូនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិថា បងប្អូននៅតែរក្សាស្មារតីសាមគ្គីគ្នាក្រោមស្លាកបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ជាប្រធានដដែល។ មានតែគណបក្សសង្គ្រោះជាតិទេដែលបងប្អូនគាំទ្រ និងជាកម្លាំងរបស់បក្សពិតប្រាកដ។ ចំណែកចលនាសង្គ្រោះជាតិដែលដឹកនាំបង្កើតឡើងម្សិលមិញនៅអាមេរីកនោះ
វាគ្រាន់តែជាលេសដើម្បីសង្គ្រោះនិង ដណ្តើមអំណាចដឹកនាំក្នុងបក្សរបស់លោក សម រង្ស៊ី ពីលោកប្រធានកឹម សុខា និងយុទ្ធសាស្ត្រដ៍ឆោតល្ងង់ក្នុងការហុចដងដាវឲ្យសត្រូវតែប៉ុណ្ណោះ។ ដូច្នេះ សូមបងប្អូនអ្នកគាំទ្របក្សសង្គ្រោះជាតិយល់ឲ្យច្បាស់អំពីបញ្ហានេះ ហើយកុំទៅចូលរួមជាមួយចលនារបស់លោក សម រង្ស៊ី ដើម្បីយកដែកគោលទៅវ៉ៃលើក្តារមឈូសបក្សសង្គ្រោះជាតិ យើងឲ្យសោះ។ ផ្ទុយទៅវិញយើងត្រូវរួមគ្នាគាស់ដែកគោលដែលលោក សម រង្ស៊ី កំពុងវ៉ៃនោះចេញវិញដើម្បីសង្គ្រោះជីវិតបក្សសង្គ្រោះជាតិយើង៕

យុវតីសង្រ្គោះជាតិ