(មណ្ឌលគិរី)៖ ក្រុមអ្នកកាសែតប្រមាណជា២០នាក់ បាននាំគ្នារត់ទៅដាក់ពាក្យបណ្ដឹង នៅទីបញ្ជាការអាវុធហត្ថ ស្រុកកោះញែក ឲ្យជួយអន្តរាគមន៍បន្ទាប់ពីក្រុមខ្លួន បាននាំគ្នាទៅថតឃ្លាំងឈើ របស់ក្រុមហ៊ុន យូនីគ្រីន ហើយភាគីខាងក្រុមហ៊ុនបានបាញ់គំរាមពួកខ្លួនអស់៦ទៅ៧គ្រាប់ ហើយថែមទាំងបើករថយន្តដេញបុកទៀតផង ធ្វើឲ្យពួកខ្លួនភ័យរត់ចែកជើងគ្នា។ តែតំណាងភាគីក្រុមហ៊ុន បានចេញមុខបដិសេធថា វាមិនមែនជាករណីបាញ់គំរាមអ្នកកាសែតនោះទេ តាមពិតក្រោយចប់ការងារ កម្មករ របស់ក្រុមហ៊ុនដែលមានវ័យក្មេងៗ បាននាំគ្នាដុតផាវលេង (ផាវគ្រាប់បែក) ទើបធ្វើឲ្យមានសំឡេងផ្ទុះលាន់ឡើងដូចផ្ទុះអាវុធ តែប៉ុណ្ណោះ។
ករណីប្ដឹងចោទប្រកាន់ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ ស្ថិតនៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
តាមអ្នកកាសែតដែលជាម្ចាស់បណ្ដឹង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកខ្លួនដែលមានគ្នាចំនួន២០នាក់ បាននាំគ្នាចុះទៅយកព័ត៌មាននៅមុខទីតាំងក្រុមហ៊ុន យូនីគ្រីន របស់លោកឧកញ៉ា តុប វីយាដា បន្ទាប់ពីទទួលព័ត៌មានថា ខាងក្រុមហ៊ុនបានលួចកាប់ឈើពីក្រៅ ដឹកចូលក្រុមហ៊ុនដើម្បីនាំចេញទៅប្រទេសវៀតណាមជ្រកក្រោម អាជ្ញាប័ណ្ណ(PC)ក្នុងស្រុក។ ពេលទៅដល់ ដោយសារទីតាំងក្រុមហ៊ុន ស្តុកឈើធ្វើរបងខ្ពស់ៗមើលពីក្រៅមិនឃើញ អ្នកខ្លះក៏លួចថត រូបតាមប្រហោងរបង អ្នកខ្លះឡើងដើមឈើក្បែរៗនោះដើម្បីថតរូប ស្រាប់តែមួយសន្ទុះក្រោយមក លាន់ឮសំឡេងផ្ទុះគ្រាប់កាំភ្លើង ចេញពីក្នុងក្រុមហ៊ុនប្រមាណ៦ទៅ៧គ្រាប់ ធ្វើឲ្យពួកខ្លួនភ័យនាំគ្នារត់ប្រសាចបាត់អស់ទៅ ហើយក៏នាំគ្នាទៅប្ដឹងនៅទីបញ្ជាការអាវុធហត្ថស្រុកឲ្យជួយអន្តរាគមន៍តែម្ដងទៅ។
លោក រស់ បញ្ញា មេបញ្ជាការអាវុធហត្ថ ស្រុកកោះញែក បានប្រាប់ Fresh News នៅថ្ងៃទី២៩ ខែមករានេះ ឲ្យដឹងថា ក្រោយទទួលបានបណ្តឹង លោកបានចាត់កម្លាំងកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវនៅទីតាំងខាងលើ ជាលទ្ធផលបានរកឃើញសំបក ផាវមានរាងដូចគ្រាប់បែក ដោយធ្វើការប្រមូលបានមួយចំនួនផងដែរ។ លោកបានបន្តថា ករណីនេះមិនមែនជាករណីផ្ទុះអាវុធនោះឡើយ។ លោក រស់ បញ្ញា បានធ្វើការសន្និដ្ឋានថា អាចក្រុមអ្នកយកព័ត៌មានទាំងនោះ មានការភិតភ័យក៏មកប្រាប់ហេតុការណ៍នេះដល់សមត្ថកិច្ច។
ជុំវិញអ្នកកាសែតប្ដឹងចោទប្រកាន់ខាងលើនេះដែរលោក ខ្លូត សុឃា អធិការស្រុកកោះញែកអះអាងថា ពួកគាត់ចូលមកបំពេញ ការងារដោយពុំមានជូនដំណឹង ដល់អាជ្ញាធរនោះទេ។ ក្រោយមានករណីសង្ស័យសំឡេងផ្ទុះខាងលើ ពួកគាត់បាននាំគ្នាទៅបាត់អត់ទៅ។ លោកអធិការបានបញ្ជាក់បន្ថែមថា មានអ្នកកាសែតចំនួន២០នាក់ បានយករថយន្តចំនួន៩គ្រឿង មកឈប់នៅចំណុចផ្លូវបំបែក ចូលក្រុមហ៊ុនយូនីគ្រីន តាំងពីម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ រហូតដល់ម៉ោងប្រមាណ៦ល្ងាច ទើបមានហេតុការណ៍
កើតឡើង ហើយក៏បំបែកគ្នាបាត់អស់ទៅ។
លោក ម៉ម វណ្ណដា តំណាងអយ្យកាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះថា តាមរបាយការណ៍ និងការរាយការណ៍ពីមូលដ្ឋាន កម្លាំងអាវុធហត្ថស្រុកកោះញែក អ្វីដែលកម្លាំងធ្វើការស្រាវជ្រាវនៅទីតាំងខាងលើគឺជាផាវរាងដូចគ្រាប់បែកប៉ុណ្ណោះ។ ចំណែក លោក ផានណា តំណាងក្រុមហ៊ុន បានបញ្ជាក់ និងអះអាងថា គ្មានការផ្ទុះអាវុធនោះឡើយ ព្រោះក្រុមហ៊ុនលោកអត់មានតួនាទីប្រើប្រាស់អាវុធនោះទេ ហើយមានការចោទប្រកាន់ពីសំណាក់ បងប្អូនអ្នកកាសែតថា រូបលោកមានការប៉ុនប៉ងបើក រថយន្តក្នុងបំណងបុកអ្នកកាសែត នោះក៏គ្មានដែរ៕