(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា លោក សម រង្ស៊ី ដែលកំពុងជ្រកកោននៅក្រៅប្រទេស ដើម្បីគេចផុតពីសំណាញ់ច្បាប់កម្ពុជានោះ កំពុងតែជីករណ្ដៅកប់អ្នកគាំទ្ររបស់ខ្លួនឯង យ៉ាងព្រៃផ្សៃបំផុតក្រោយពេលប្រកាសបង្កើតចលនាខុសច្បាប់។
បើតាមលោក ពេជ្រ ស្រស់ នៅលើពិភពលោកគ្មានប្រទេសណាមួយ គាំទ្រនូវចលនាដែលខុសច្បាប់ និងសកម្មភាពឧទ្ទាមទេ ប្លែកអីតែលោក សម រង្ស៊ី ដែលបង្កើតចលនាខុសច្បាប់នេះឡើង ដែលរដ្ឋអំណាចកំពុងតែត្រៀមបង្ក្រាបយ៉ាងដាច់ណាត់ ប្រសិនបើចលនានេះលិចមុខនៅក្នុងប្រទេសកម្ពុជា។
តាមរយៈទំព័រ Facebook នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ប្រធានគណបក្សវ័យក្មេងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «បើខ្ញុំមិនច្រឡំទេ នៅលើពិភពលោក គ្មានប្រទេសណាមួយគាំទ្រនូវចលនាដែលខុសច្បាប់ និងសកម្មភាពឧទ្ទាមដែរ ប្លែកអីតែលោក សម រង្ស៊ី បាននឹងកំពុងបង្កើតចលនាក្រៅច្បាប់ជាតិ ដែលជារណ្តៅសម្រាប់កប់អ្នកគាំទ្រទៅវិញ? មិនថាតែនៅប្រទេសកម្ពុជានោះទេ គឺនៅប្រទេសណាក៏ដោយ ឲ្យតែមានចលនាខុសច្បាប់ ដែលមានលក្ខណៈបះបោរនឹងច្បាប់ គឺមានការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋអំណាចហើយ»។
លោក ពេជ្រ ស្រស់ បានបន្ដទៀតថា «ក្នុងន័យនេះ សូមបងប្អូនពលរដ្ឋខ្មែរមួយចំនួនមេត្តាពិចារណាឲ្យបានល្អិតល្អន់ មុននឹងចូលរួមជាមួយនឹងចលនាខុសច្បាប់របស់ លោក សម រង្ស៊ី ពីព្រោះវានឹងប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន ជាក់ជាមិនខានឡើយ ខ្ញុំ ពេជ្រ ស្រស់ សង្ឃឹមយ៉ាងមុតមាំថាបងប្អូន នឹងមិនចូលរួមជាមួយចលនាខុសច្បាប់របស់ លោក សម រង្ស៊ី នោះឡើយ ពីព្រោះចលនាខុសច្បាប់របស់លោក សម រង្ស៊ី គឺជាហេតុដែលនាំឲ្យបងប្អូនខ្មែរសម្លាប់ខ្មែរគ្នាឯង»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី រួមទាំងបក្ខពួករបស់លោកមួយចំនួនទៀត បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ជាផ្លូវការ។ ចលនាថ្មីនេះត្រូវបានលោក សម រង្ស៊ី អះអាងថា បង្កើតឡើងដើម្បីចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឱ្យដោះលែង លោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្សសង្រ្គោះជាតិ អាចចូលរួមការបោះឆ្នោតខាងមុខនេះឡើងវិញ។
ក្រុម កឹម សុខា និយម បានចាត់ទុកថាចលនានេះនឹងបន្ថែមបន្ទុកទោសដល់ លោក កឹម សុខា ដែលកំពុងជាប់ចោទពាក់ព័ន្ធ នឹងអំពើក្បត់ជាតិនៅកម្ពុជា។ ចំណែកគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ចលនានេះជាក្រុមឧទ្ទាម ដែលច្បាប់មិនអនុញ្ញាតទេ។
ដោយឡែកលោក កឹម សុខា បានប្រកាសជំហររបស់លោកពីពន្ធនាគារត្រពាំងផ្លុងមកថា លោកមិនគាំទ្រ និងចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី នេះទេ៕