(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងដំឡើងម៉ូទ័របូមទឹកថ្មី ចំនួន៥គ្រឿងបន្ថែមទៀត នៅស្ថានីយបូមទឹកបឹងត្របែក ដែលធ្វើឲ្យម៉ូទ័របូមទឹកនៅស្ថានីយនេះកើតឡើងដល់១១ហើយ ដើម្បីដោះស្រាយកាត់បន្ថយ បញ្ហាការលិចទឹក នៅក្នុងខណ្ឌចំការមន ៧មករា និងដូនពេញ។
មន្ទីរសាធារណការរាជធានីភ្នំពេញ បានសរសេរក្នុង Facebook ផ្លូវការរបស់ខ្លួនថា «នៅក្នុងឆ្នាំ២០១៨នេះ មានម៉ូទ័របូមទឹកសរុបចំនួន១១គ្រឿង ដែលនឹងដាក់ឲ្យដំណើរការបូមទឹក នៅរដូវវស្សាខាងមុខ ក្នុងសមត្ថភាពបូមទឹក ២៣.៣ម៉ែត្រគូប ក្នុង១វិនាទី។...សង្ឃឹមថា នឹងដោះស្រាយកាត់បន្ថយការលិចទឹក នៅខណ្ឌចំការមន ៧មករា និងដូនពេញ»។
សូមជម្រាបផងដែរថា នេះគឺជាដំណាក់កាលទី២ហើយ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានដំឡើងម៉ូទ័របូមទឹកនៅស្ថានីយបឹងត្របែកបន្ថែម ដោយដំណាក់កាលទី១ នៅក្នុងឆ្នាំ២០១៧ មន្ទីរសាធារណការ បានដំឡើងម៉ូទ័របូមទឹកចំនួន៦គ្រឿង និងដំណាក់កាលទី២នេះ នៅក្នុងឆ្នាំ២០១៨ បាននឹងកំពុងដំឡើងម៉ូទ័របូមទឹកចំនួន៥គ្រឿងបន្ថែមទៀត ធ្វើឲ្យម៉ូទ័របូមទឹកកើនឡើងដល់១១ម៉ូទ័រ៕