(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសថៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាបានបញ្ជាក់ថា ការដឹកនាំប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា ទៅប្រទេសថៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichitcholchai) ប្រធានសភានីតិប្បញ្ញត្តិ នៃប្រទេសថៃ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃកម្ពុជា នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ នៃប្រទេសថៃមាន៖
* ចូលជួបសម្តែងការគួរសមជាមួយ លោកសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichitcholchai) ប្រធានសភានីតិប្បញ្ញត្តិ នៃប្រទេសថៃ។
* ចូលជួបសម្តែងការគួរសមជាមួយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ។
* គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញដាក់កម្រងផ្កាថ្វាយ ព្រះបរមរូប ស្តេចរ៉ាម៉ាទី៧ និងអញ្ជើញទស្សនាព្រះបរមរាជវំាង និងវិហារព្រះកែវមរកត៕