(ភ្នំពេញ)៖ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) បានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ថាលោកនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈដែលជប៉ុនបានមកបើកស្ថានកុងស៊ុល នៅទីក្រុងសៀមរាប គឺឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅថែមទៀត។
នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
អនុរដ្ឋមន្ដ្រីការបរទេស បានបញ្ជាក់ទៀតថា លោកនឹងពិនិត្យមើលលើការងារទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានសម្រេចរួមមកហើយ ហើយជំរុញការងារទាំងនោះឲ្យ មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ លោកសង្កត់ធ្ងន់ថា ទិសដៅរបស់ជប៉ុនក្នុងការរួមចំណែកនៅក្នុងតំបន់ គឺជួយជំរុញការអភិវឌ្ឍ របៀងខាងត្បូងដែលក្នុងនោះមានការជំរុញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ បណ្តាញខ្សែភ្លើងក៏ដូចជាការជួយជំរុញការអភិវឌ្ឍធនធានមនុស្ស។
លោក អ៊ាង សុផល្លែត បានអះអាងបន្ថែមថា លោក កាហ្ស៊ូយូគី ណាកាណេ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ដ្រីថា ជប៉ុនបានសម្រេចបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូ នៅកម្ពុជាផងដែរ។ ឆ្លៀតឱកាសនោះ លោក កាហ្ស៊ូយូគី ណាកាណេ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលជួបក្រុមនាវាយុវជនកន្លងមក។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក កាហ្ស៊ូយូគី ណាកាណេ ដែលបានលើកឡើងអំពីគម្រោងជំនួយនានាមកកម្ពុជា ហើយសម្តេចបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនទាំងអស់ គឺសុទ្ធតែជួយចំគោលដៅ នៃការអភិវឌ្ឍរបស់កម្ពុជា ហើយជំនួយទាំងនោះ គឺចំអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើ «ធនធានមនុស្ស, ទឹក, ភ្លើង និងផ្លូវ»។
ដោយឡែកចំពោះការជួបជាមួយក្រុមនាវាយុវជន អាស៊ាន ជប៉ុននោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺមានសារៈសំខាន់ណាស់ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជនយុវជនអាស៊ាន និងយុវជន ជប៉ុនមានទំនាក់ទំនងល្អជាមួយគ្នា ហើយនៅពេលនេះសោធនាវាយុវជនកម្ពុជា បានបង្កើតសមាគមមួយ ហើយសមាគមនាវាយុវជនកម្ពុជា ដែលបានទៅចូលរួមជាមួយនាវាយុវជនអាស៊ាន ជប៉ុន គឺកំពុងមានការកើនឡើង ជារៀងរាល់ឆ្នាំផងដែរ៕