(ភ្នំពេញ)៖ លោក ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យសមត្ថកិច្ចខេត្តបាត់ដំបង តាមដានឃ្លាំមើលសកម្មភាពនៅក្នុងហាងរបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  អតីតចៅសង្កាត់អូរចា កូតាអតីតគណបក្សសង្រ្គោះជាតិ ដោយសង្ស័យថា ជាកន្លែងប្រមូលផ្តុំដោយក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយលោក សម រង្ស៉ី។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពី លោក ឈាង វុន បានចុះទៅដល់ហាងលក់នំបញ្ចុករបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅខេត្តបាត់ដំបង កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ហើយសង្កេតឃើញថា មានអតីតសកម្មជនមួយចំនួន ដែលគាំទ្រដល់ចលនាសង្រ្គោះជាតិ នៅតាមបណ្តាញសង្គម Facebook បានបង្ហាញខ្លួននៅទីនោះ ព្រមទាំងបានជួយរត់តុជូនកញ្ញា រ៉ូហ្សេតថែមទៀត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក​ ឈាង វុន បានលើកឡើងថា «ខ្ញុំចូលទៅហាងនោះដោយចៃដន្យទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ នៅកន្លែងនោះអ្នកដែលចេញចូល ជួយបោសជូនមួយចំនួន គឺជាសមាជិកសកម្ម ដែលគាំទ្រចលនាសង្រ្គោះជាតិ។ ចលនាសង្រ្គោះជាតិនេះ គឺជាចលនាឧទ្ទាម ហើយគេប្រកាសកម្ទេច»។

លោកបានបន្តថា «រ៉ូហ្ស៊េត មិនមានតម្លៃអ្វីសម្រាប់ខ្ញុំទេ។ គាត់មានតម្លៃមួយគត់គឺតម្លៃឧទ្ទាម បើសិនជាកន្លែងរបស់គាត់ប្រមូលផ្តុំដោយក្រុមឧទ្ទាម ប៉ុន្តែខ្ញុំមិនទាន់ចោទប្រកាន់ទេ គ្រាន់តែសង្ស័យដោយសារតែឃើញសកម្មភាព មានការចូលរួមពីអ្នកគាំទ្រចលនាឧទ្ទាម»។

Fresh News មិនទាន់អាចទំនាក់ទំនង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាននៅឡើយទេ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។ ប៉ុន្តែបើតាមការបង្ហោះនៅលើបណ្តាញសង្គម Facebook កញ្ញា រ៉ូហ្សេត ដែលបាត់បង់តំណែងចៅសង្កាត់ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ បានអះអាងថា នាងមិនបានយកកន្លែងលក់ដូរ​របស់នាង ទៅធ្វើជាទីតាំងអ្វីផ្សេង​ ដែលប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលទេ។

រ៉ូហ្ស៊េត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុខរបរដែលនាងខ្ញុំ​ កំពុងដំណើរការលក់ដូរ​ “នំបញ្ចុកខ្មែរ”​ រាល់ថ្ងៃនេះ​ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម​ "អ្នកម្តាយ"​ នាងខ្ញុំ​ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច​ តែប៉ុណ្ណោះ​។ ប៉ុន្តែ​ នាងខ្ញុំពិតជាមានការព្រួយបារម្ភ​ និងសោយស្តាយបំផុត​ ដែលលោកអ៊ុ​ ឈាង​ វុន​ Comment ចោទប្រកាន់​លើហ្វេសបុកនាងខ្ញុំថា​ ទីតាំងលក់ដូររបស់នាងខ្ញុំ​ អាចជាទីតាំង​ "គាំទ្រចលនាក្រុមឧទ្ទាម"»

លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងករណីនេះ។

សូមជំរាបថា គណបក្ស​សង្រ្គោះជាតិ ​ត្រូវ​បានតុលាការកាត់ទោស​រំលាយ​ កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ​ ២០១៧។ ក្រោយរំលាយគណបក្សប្រឆាំងនេះ កញ្ញា រ៉ូហ្ស៊េត បានចាប់មុខរបរបើកហាងលក់នំបញ្ចុក នៅក្រុងបាត់ដំបង។ ហាងនំបញ្ចុកនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ដោយមានសាធារណជនជាច្រើនបានចេញចូលជាប្រចាំ។ អតីតសកម្មជនគណបក្សសង្រ្គោះជាតិជាច្រើន បានចូលទៅកាន់ហាងនេះ ហើយបង្ហោះរូបចែកចាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook ដែលធ្វើឱ្យហាងនេះកាន់តែល្បីល្បាញមួយកម្រិតទៀត៕