(បាត់ដំបង)៖ ថ្លែងចេញពីទីបញ្ជាការកងពលថ្មើរជើងលេខ៥៣ នៅស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្ដិសុខ ឆ្នាំ២០១៧ និងលើកទិសដៅបន្ដ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា​ នាយទាហានទាំងអស់ ​ត្រូវគោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី។

​នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងដែរថា ​ថ្នាក់ដឹកនាំ កងពល​យោធភូមិភាគ​គ្រប់ថ្នាក់ ពិសេសអង្គភាពដែលឈរជើងនៅតំបន់ព្រំដែន ក៏ត្រូវក្តាប់ឲ្យបានជាប្រចាំ នូវសកម្មភាពទាំងឡាយណា ដែលមានលក្ខណៈជាអំពើឈ្លានពានទឹកដីកម្ពុជា ត្រូវទប់ស្កាត់ឲ្យខាងតែបាន​។

មេបញ្ជាការរូបនេះ ក៏បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ ឲ្យបន្តប្រពៃណី ស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាព ការងារហ្វឹកហ្វឺនលើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាព យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយ ពលទាហាន កាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបំរើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។​

ជាមួយគ្នានេះ ​នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោគ ពិសេសថ្នាក់ដឹកនាំយោធភូមិភាគទី៥ លោកបានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អរបស់នាយ ពលទាហាន គ្រប់កងឯកភាពចំណុះឲ្យកងពល ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានយ៉ាងរឹងមាំ​។

មុនពេលបិទកិច្ចប្រជុំ នាយឧត្តមសេនីយ៍ មាស សុភា ក៏បាន​ប្រគល់ជូន នូវប័ណ្ណ លិខិត និងគ្រឿងឥស្សរិយយស ប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់អង្គភាព ដែលមានស្នាដៃក្នុងចលនាប្រលងប្រណាំងលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ក្នុងកាចិញ្ចឹមទ័ពបានល្អ ព្រមទាំងបានផ្តល់ដល់កងពលតូចថ្មើរជើងលេខ៥៣ នូវថវិកា​ចំនួន​៥​លានរៀលផងដែរ៕