(រតនគិរី)៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ​បានចុះបង្ក្រាប និងដកហូត ​ឈើសុក្រំដែលឈ្មួញដឹកយកទៅ​លាក់ទុកក្រោយផ្ទះប្រជាពលរដ្ឋ ក្នុងចំការចន្ទីត្រង់ចំណុចយាមការ លេខ៧៤៩៧៣៦-១៤៩៦១៦៨ ស្ថិតក្នុងភូមិតាកុកព្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨​​។

មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន​ស្រុកអូរយ៉ាដាវ លោកវរសេនីយ៍ត្រី សុខ មីន បានប្រាប់ភ្នាក់ងារ​ Fresh News នៅព្រឹកថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០១៨នេះថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មានឈ្មួញដឹកឈើពេលយប់យកទៅគរលាក់ទុកនោះ រូបលោកបានសុំយោបល់គណៈបញ្ជាការឯកភាពស្រុក ចុះបង្ក្រាបហើយរឹបអូសឈើជាក់ស្តែងតែម្តង។

បើតាមលោកមេបញ្ជាការរូបនេះ កម្លាំងរបស់លោកបានរាប់ឃើញឈើសុក្រំ១០៥ដុំ ដែលមានមុខកាត់២៥សង់ទីម៉ែត្រ និងប្រវែង២,៥ម៉ែត្រ រួចបានប្រគល់ឲ្យមន្ត្រីបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ចាត់ចែងបន្តតាមច្បាប់។

សូមបញ្ជាក់ថា សម្រាប់ខេត្តរតនគិរីបើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ ខិតខំធ្វើការបង្ក្រាបយ៉ាងណាក៏ដោយ ក៏ឈ្មួញឈើនៅតែលួចធ្វើសកម្មភាពដឹកជញ្ជូន ដោយពុំខ្លាចច្បាប់នោះទេ៕​