(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង ០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ០៤នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន ជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងនោះមាន៖

១/ ឈ្មោះ ស ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ , ២/ ឈ្មោះ ឌុយ វ៉ាន់ដា ភេទប្រុស អាយុ ១៦ឆ្នាំ , ៣/ ឈ្មោះ ហួន យុវ័ន្ត ភេទប្រុស អាយុ ១៦ឆ្នាំ , ៤/ឈ្មោះ ប៊ុន ថា ហៅហៀ ភេទប្រុស អាយុ ១៥ឆ្នាំ

មុនកើតហេតុ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២៣៖២០នាទី ឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាន់ដា ដែលជាអ្នកធ្វើសកម្មភាពចោរឆក់ បានជិះម៉ូតូ០១គ្រឿង ម៉ាក និច ពណ៍ស ស្លាកលេខ ភ្នំពេញ 1FF-2702 បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះមានគ្នា ០២នាក់ ដែលជិះម៉ូតូ ម៉ាក ធូដេ ពណ៍ទឹកសមុទ្រ ស្លាកលេខ ភ្នំពេញ 1DO-2195 ដែលកំពុងធ្វើដំណើរលើ ដងផ្លូវបានសម្រេច នៅចំណុចមុខក្លឹបស៊ីធី ផ្លូវមុនីរ៉េត ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយពួកគេទាំង ០២នាក់ បានជិះគេចខ្លួនបាត់ លុះពេលជិះដល់ចំណុចមុខឃ្លាំងការ៉ូ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពួកគេបានបន្តធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនរងគ្រោះមានគ្នា ០៣នាក់ ផ្សេងទៀត ដែលជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1GN-0552 តែសំណាងមិនល្អ ត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោរឡោរ ស្របពេលសមត្ថកិច្ចអាវុធហត្ថ កំពុងល្បាតផងនោះ បានប្រដេញតាមភ្លាមៗ រហូតឃាត់ខ្លួនបានតែម្តង។ បន្ទាប់ពីឃាត់ខ្លួនពួកគេទាំង ០២នាក់ ខាងលើ យកមកសួរនាំរួច សមត្ថកិច្ចអាវុធហត្ថ បានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួក ០២នាក់ បន្ថែមទៀត មានឈ្មោះ ហួន យុវ័ន្ត និងឈ្មោះ ប៊ុន ថា ហៅហៀ ដែលបានរួមសមគំនិតក្នុងសកម្មភាពឆក់នេះដែរ។

ក្រោយពេលឃាត់ខ្លួនបានពួកគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កាលពីវេលាម៉ោង១៦៖១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០៨ ពួកគេទាំង ០៤នាក់ រួម និងបក្សពួក ០៥នាក់ទៀត ដែលមាន ឈ្មោះ ថា , ឈ្មោះ អេង , ឈ្មោះ ប៉ៅ , ឈ្មោះ ខូច និងឈ្មោះ ប៉ុល បានជួបជុំគ្នានៅចំណុចហាងកាហ្វេមួយកន្លែង ក្បែរបុរី៩៩៩ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដើម្បីពិភាក្សាគ្នា និងរៀបគំរោងធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវពេលយប់ ក្រោយពេលជួបជុំគ្នាហើយ ពួកគេបានបំបែកគ្នា ដោយឈ្មោះ ហួន យុវ័ន្ត ហៅវណ្ណ បានប្រគល់ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៍ស ស្លាកលេខ ភ្នំពេញ 1FF-2702 ឲ្យ ឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាដា ខ្ចីដើម្បីធ្វើសកម្មភាពឆក់។ បន្ទាប់មកឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាដា បានជិះម៉ូតូនោះ ចេញទៅបាត់តែម្តង។ លុះដល់វេលាម៉ោង២៣:១០នាទី ថ្ងៃដដែល ឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាន់ដា បានជិះម៉ូតូដែលបក្សពួកខ្លួនឲ្យខ្ចី ធ្វើសកម្មភាពឆក់ ០២លើកជាប់គ្នា៖

លើកទី០១ បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះមានគ្នា ០២នាក់ ដែលជិះម៉ូតូ ម៉ាក ធូដេ ពណ៍ទឹកសមុទ្រ ស្លាកលេខ ភ្នំពេញ 1DO-2195 ដែលកំពុងធ្វើដំណើរលើដងផ្លូវបានសម្រេច នៅចំណុចមុខក្លឹបស៊ីធី ផ្លូវមុនីរ៉េត ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

លើកទី០២ ពួកគេបានបន្តធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនរងគ្រោះមានគ្នា ០៣នាក់ ផ្សេងទៀត ចំណុចមុខឃ្លាំងការ៉ូ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1GN-0552 តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

ពួកគេបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលធ្វើសកម្មភាពឆក់ហើយ ពួកគេបានជួបជុំគ្នាផឹកស៊ី និងទិញគ្រឿងញៀនយកមកប្រើប្រាស់៕