(កំពង់ស្ពឺ)៖ ជុំវិញករណីផ្ទុះរំសេវចេញពីឃ្លាំងស្តុកមួយកន្លែង ដែលជាមូលដ្ឋានរបស់កងយោធពលខេមរភូមិន្ទ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យប៉ើងទៅបុកចំផ្ទះ ប្រជាពលរដ្ឋ ចំងាយប្រមាណ២ទៅ៣គីឡូម៉ែត្រ រហូតបាក់ពិដានសង្កត់ម្ចាស់ផ្ទះ ដែលជាមន្រ្តីយោធារងរបួសទៀតផងនោះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់បន្ថែមថា មូលហេតុបណ្ដាលមកពីឡើងកំដៅខ្លាំង ព្រោះបន្ទប់នីមួយៗគ្មានខ្យល់ចូល។
របាយការណ៍ដែល Fresh News ទទួលបានបានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ផ្ទុះរំសេវនេះ បណ្ដាលឲ្យខូចខាតបន្ទប់ដាក់គ្រឿងផ្សំ និងលោហៈធាតុ ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ចំនួន០៤ ខូចខាតទាំងស្រុង ហើយការិយាល័យ និងអាគារស្នាក់នៅ ចំនួន០៩ខូចខាតមធ្យម។
តាមការបំភ្លីរបស់ លោកអនុសេនីយ៍ឯក ជា ចែ ប្រធានសន្តិសុខ បម្រើការនៅបញ្ជាការការពារកោះឆ្នេរ បានឲ្យដឹងថា មូលដ្ឋាននេះ ចាប់ផ្តើមសាងសង់ មានរយៈពេលជាង១ឆ្នាំហើយ តែការផលិតកាំជ្រួចផ្កានេះ បានរយៈពេលប្រហែល០៦ខែ និងដឹកចេញបានចំនួន០៣កុងទ័រនឺហើយ មូលដ្ឋាននេះដែរគ្រប់គ្រងលើដីចំនួន៣០ហិកតា មានសន្តិសុខចំនួន៣១នាក់ (មកពីបញ្ជាការដ្ឋានការពារកោះឆ្នេរ)។
សូមជម្រាបថា នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង បានកើតឡើងនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារការផ្ទុះរំសេវចេញ ពីឃ្លាំងស្តុកមួយកន្លែង ដែលជាមូលដ្ឋានរបស់កងយោធពលខេមរភូមិន្ទ បណ្តាលឲ្យប៉ើងទៅបុកចំផ្ទះប្រជាពលរដ្ឋ រហូតបាក់ពិដានសង្កត់ម្ចាស់ផ្ទះ ដែលជាមន្រ្តីយោធារងរបួស ឈ្មោះ រិទ្ធ៕