(ព្រះសីហនុ)៖ ករណីនគរបាលចាប់ឈើរបស់ឈ្មោះ វ៉ន វីរៈ ដែលមេឈ្មួញដុះស្លែ នៅភូមិអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ យកទៅប្រគល់ឲ្យមេព្រៃ កាលពីចុងឆ្នាំ២០១៧ កន្លងទៅ មេព្រៃមិនត្រឹមតែ មិនចាត់ការបន្តទេ តែថែមទាំងបានដោះលែងទៅវិញភ្លាមៗ និងនៅតែបណ្តែតបណ្តោយឲ្យឈ្មួញនេះបន្តធ្វើសកម្មភាពដដែលរហូតដល់បច្ចុប្បន្ន។ នេះបើយោងតាមសេចក្តី រាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នៅស្រុកកំពង់សីលា ដែលទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខាលើ បានបន្តថា លោក អ៊ុក ប៊ុនធឿន មន្រ្តីរដ្ឋបាលព្រៃឈើ កំពង់សីលា រាល់ថ្ងៃនេះមិនត្រឹមតែមិនទប់ស្កាត់បទល្មើប៉ុណ្ណោះទេ តែថែមទាំងឃុបឃិតគ្នាជាមួយ ឈ្មួយដុះស្លែឈ្មោះ វ៉ន វីរៈ នេះ យ៉ាងស្អិតរមួត និងដឹកកក្រើកទឹកកក្រើកដីដដែល បើទោះជាប្រជាពល រដ្ឋទូទាំងស្រុករិះគន់ ឬប៉ូលិសជួយចាប់យកទៅប្រគេន ដល់ក្នុងរបងស្នាក់ការ យ៉ាងណាក៍ដោយ។

ថ្មីៗកន្លងទៅនេះកម្លាំងនគរបាលរដ្ឋបាល បានស្ទាក់ចាប់ឈើរបស់ឈ្មោះ វ៉ន វីរៈ តាមតួនាទីនិងតាមសំណើរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរ បាក់រទេះ យកទៅប្រគល់ជូន ដល់ក្នុងរបងសង្កាត់រដ្ឋបាលព្រៃឈើទាំងយប់តែម្តង តែត្រូវឈ្មួញរូបនោះនាំគ្នីគ្នាទៅយកមកវិញជាធម្មតា ដោយគ្មានញញើតអ្វីទាំងអស់ និងបានបន្តសកម្មភាពរបស់ខ្លួនដូចធម្មតាដែរ រហូតដល់បច្ចុប្បន្ន។

ដូច្នេះក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្រុកកំពង់សីលា គឺគ្មានអ្វីក្រៅពីការទទួចសុំឲ្យថ្នាក់លើ ចាប់ពីអភិបាលខេត្ត រហូតដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយចាប់ជនល្មើសដុះស្លែ និងអ្នកឃុបឃិតខាងលើ ទៅផ្តន្ទារទោសតាមច្បាប់ផង ព្រោះពួកគាត់ក៏ចង់ថែរក្សាធនធានធម្មជាតិ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ម្យ៉ាងទៀត ព្រៃឈើនោះក៏មិនមែនជាកម្មសិទ្ធរបស់ឈ្មោះ វ៉ន វីរៈ តែម្នាក់ឯងដែរ៕