(ភ្នំពេញ)៖ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតរបស់ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសថា នៅពេលនេះ មានក្រុងរបស់កម្ពុជាចំនួន៣ បានឈ្នះជ័យលាភីទីក្រុងទេសចរណ៍ស្អាត នៅក្នុងតំបន់អាស៊ាន។ ក្រុងចំនួន៣នោះ រួមមានក្រុងបាត់ដំបង ក្រុងកែប និងទីក្រុងសៀមរាប។
ពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាននេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ទីក្រុងចំនួន២៣ នៅតំបន់អាស៊ាន បានឈ្នះរង្វាន់នេះ ក្នុងនោះប្រទេសកម្ពុជា ទទួលបានជ័យលាភីចំនួន៣ក្រុង។
រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន២៣ នៅក្នុងតំបន់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងសូចនាកររបស់ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា តាំងពីឆ្នាំ ២០១១ ដើម្បីឆ្លើយតបតាមសំណូមពររបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចាត់ទុកថា នេះគឺជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណកម្មាធិការវាយតម្លៃទីក្រុងស្អាតកម្ពុជា ក្រោមការចង្អុលបង្ហាញរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត។ នេះឆ្លុះបពាា្ចំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕