(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ នៅម៉ោង០២៖២០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ និងដកហូតថ្នាំញៀនចំនួន២៩កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួនធំ។
ការឃាត់ខ្លួនេះ ធ្វើឡើងនៅចំណុចគល់ស្ពាន ចូលមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់មានឈ្មោះទី១៖ ឈ្មោះ ហៀង នាង ភេទស្រី អាយុ៣៦ មុខរបរលក់គ្រឿងម្ជូរ, ទី២៖ ឈ្មោះ អ៊ឹង សុវណ្ណធូ ភេទស្រី អាយុ២៦ឆ្នាំមុខរបរលក់មីឆា, ទី៣៖ ឈ្មោះ ស៊ី ម៉ូចាន់ណារី ភេទប្រុស អាយុ១០ឆ្នាំ មុខរបររើសអេតចាយ, ទី៤៖ ឈ្មោះ ស៊ីម រ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប និង ទី៥៖ ឈ្មោះ គឹម នឿន ភេទស្រី អាយុ៣៩ឆ្នាំមុខរបរនៅផ្ទះ។
សមត្ថកិច្ចបានបន្តថា មុនពេលឈានទៅដល់ការឃាត់ខ្លួន គឺកម្លាំងបានធ្វើការជិះល្បាត នៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្តិភាពប្រជាពលរដ្ឋ ។ ពេលដែលកម្លាំងល្បាតមកដល់ចំណុចគល់ស្ពានកោះពេជ្រ ដោយឃើញមានការសង្ស័យ ទើបកម្លាំងចុះឆែកឆេ ក៏ឃើញថ្នាំញៀនចំនួន២៩កញ្ចប់ រួមនឹងថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ក៏ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដើម្បីយកមកសួរនាំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿង ដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕