(តាកែវ)៖ អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជន យុវនារី៣៤៤នាក់ ក្នុង​ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោ​បាយ​ជាមួយគណបក្សប្រជាជនកម្ពុជា នៅ​ពេល​ដែល​បក្សប្រឆាំង​មួយ​នេះ​ត្រូវ​បាន​រំ​លាយ​ដោយ​តុ​លាការកំពូល និង​នៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

ពិធីបញ្ចូល​សមាជិកថ្មី​នេះបាន​ប្រារព្ធធ្វើ​ឡើង នៅថ្ងៃ១២កើត ខែមាឃ ឆ្នាំ​រកា នព្វ​ស័ក ព.ស២៥៦១ ត្រូវ​នឹង​អាទិត្យទី២៨ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បាទីខេត្ត​តាកែវ​ និង​មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាឃុំ តំណាងមកពី១៣ភូមិ ប្រជាការពារ ជាពិសេសយុវជន និងសមាជិកសមាជិកានិងអ្នកចូលរួមទាំងអស់ប្រមាណជាង៥០០នាក់។

នេះមិនមែនជាលើកទី១ទេ ក្នុងឃុំកុមាររាជាដែលអតីតសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងបានចាកចេញពីបក្ស និងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាលពីលើកទី១ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៦ មានចំនួនសរុប៤២០នាក់ និងលើកទី២ ចំនួន១៤១នាក់ បានសំរេចចិត្តមករួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា។ បើបូករួមទាំងលើកនេះ គឺក្នុងឃុំកុមារាជាមានសកម្មជនចំនួនជាង១ពាន់នាក់ហើយ ដែលបានសម្រេចចិត្តមកចូលរួមក្នុងជីវ​ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តំ​ណាង​អតីតសកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងបន្ទាប់​ពី​បាន​ទទួលសេចក្តី​សម្រេច​បញ្ចូល​ជា​សមាជិក​ថ្មី​គណបក្សប្រជាជន​កម្ពុជា​រួច​ហើយ​បានឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​មក​រួម​រស់​ក្នុង​ជី​វភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជា​ជនកម្ពុជា​ ដោយ​សារបាន​ដឹង​យ៉ាង​ច្បាស់​ពី​អតីតបក្សប្រឆាំង​របស់​ពួក​គាត់​ដែល​ថ្នាក់​ដឹកនាំបាន​ប្រព្រឹត្តិ​អំ​ពើ​ក្បត់​ជាតិ ក្បត់​ប្រជា​ជន និង​កន្លង​មក​ញុះ​ញង់​ឲ្យ​សកម្មជន និង​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​សកម្មភាព​បំ​ពានច្បាប់នានា ប៉ុន្តែ នៅ​ពេលនេះ​ពួក​គាត់​បាន​ឃើញ​ច្បាស់ផ្ទាល់នឹងភ្នែកអំពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និងសកម្មភាពនៃ​ក្រុម​ការងារ​ចុះមូលដ្ឋានជាប្រចាំ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបាន និង​កំពុង​ខិតខំ​ជួយដោះស្រាយបញ្ហាជា​ច្រើន​នៅ​មូលដ្ឋាន​ដែល​ជាទុក្ខកង្វល់របស់ពួកគាត់ទើប​ពួក​គាត់​ជឿជាក់​ និង​មកចូល​រួម​រស់​ជាមួយ​នៅ​ពេល​នេះ​។

លោក ម៉ឹង រើន និង​លោក ចេង ង៉ាត់ អតីត​សមាជិក​សកម្មរបស់​គណបក្ស​សង្គ្រោះជាតិ​ សព្វ​ថ្ងៃ​ជា​ជំ​ទប់​ទី​មួយ​ និង​ជាក្រុម​ប្រឹក្សា​ឃុំ​កុមាររាជា​ បាន​ថ្លែង​ថា គោល​នយោបាយ​របស់អតីតគណបក្ស​ប្រឆាំងមាន​តែ​ការ​ភូត​ភកុហក ក្បត់​ឆន្ទៈរាស្ត្រ​ ដែល​ខុសពី​គណបក្សប្រជា​ជន​កម្ពុជា​ដែល​មិន​ធ្លាប់​សន្យាខ្យល់។ ហើយ​ចំ​ពោះ​ការ​បង្កើត​ចលនាសង្គ្រោះ​ជាតិ​ដោយ​ក្រុម​មនុស្ស​មួយ​ចំ​នួន​ គឺនឹង​អាច​នឹង​នាំ​គ្រោះ​ថ្នាក់​ដល់​សកម្មជន​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ដោយ​សារចលនាដែល​បង្កើត​ឡើង​នេះ​ គឺខុសច្បាប់។ ​ ​

នៅក្នុងឱ្យកាសនោះលោក ស្វាយ ស៊ីថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានមានប្រសា​សន៍ដោយ​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​បងប្អូនជាសមាជីកដែលទើបបញ្ចូលថ្មីក្នុង​ជី​វភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ពេល​នេះ​។ លោកបានបញ្ជាក់​ថា ការ​មក​ចូល​រួម​រស់​ដោយ​សុទ្ធចិត្តជា​មួយ​គណបក្សប្រជាជន​កម្ពុជា​ គឺ​ជា​ការ​ផ្តល់នូវ​យុត្តិធម៌ជូន​គណបក្សប្រជា​ជន​ ដែល​បាន​តស៊ូពុះ​ពារ​ក្នុង​​បុព្វ​ហេតុ​ជាតិ និង​បាន​នាំ​មក​នូវ​សុខ សន្តិភាពជូនប្រជា​ពលរដ្ឋ​រស់​នៅ​បាន​សុខស្រួល​ដូច​សព្វ​ថ្ងៃ​។ លោកបន្ថែម​ថា ការមក​ចូល​រួម​របស់​បងប្អូន​ទាំង​អស់​គ្នា​ គឺ​នឹង​ធ្វើ​ឲ្យ​គណបក្សប្រជា​ជន​កាន់​តែមាន​កម្លាំងគាំ​ទ្រ​ច្រើន​ឡើង​ថែម​ទៀត ដើម្បីការ​អភិវឌ្ឍ​មូលដ្ឋាន​ភូមិ​ឃុំ កាន់​តែ​រីក​ចម្រើន​។ លោក ស្វាយ ស៊ីថា បាន​បញ្ជាក់​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ គឺ​មាន​តែ​ការ​បង្រួបបង្រួប​បង្រួម​​ជាតិ ការ​ពារ​នូវ​ឯករាជ្យ​ អធិបតេយ្យ​ជាតិ​ បូរណ​ភាព​ទឹក​ដី​ ដែល​ខុសពី​អតី​តបក្សប្រឆាំង​ដែលប្រកាន់​យក​នូវ​ទស្សនះ​បំ​បែក​បំ​បាក់​ជាតិ​ ដែលនាំ​ឲ្យ​សង្គមកម្ពុជា​​វឹក​វរចលាចល តាម​រយៈការ​ញុះ​ញង់ លាប​ពណ៌ និង​ការ​រើសអើង​ជាតិ​សាសន៍ជា​ដើម​។

នៅ​ក្នុង​ឱកាសនេះ​ដែរ លោក ស្វាយ ស៊ីថា ក៏បាន​ជម្រាប​ជូន​សមាជិក​សមាជិកាគណបក្សប្រជា​ជន​កម្ពុជា​ផង​ដែរថា ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្នមាន​ភាព​ល្អ​ប្រសើរ គឺ​ប្រជា​ពលរដ្ឋ​​បាន​និង​កំពុង​សាទរនឹង​សុខសន្តិភាព​ដែល​កំពុង​មាន​នាពេល​សព្វ​ថ្ងៃ​ និង​ប្រក្រតី​ភាពនៃ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ គឺក្នុង​ន័យ​ថា កម្ពុជា​សព្វ​ថ្ងៃ​មិន​មាន​វិបត្តិ​កាលាហល់​ណា​មួយ​ដូច​ពួក​ក្រុម​ប្រឆាំង​ដែល​កំពុង​បំ​ពុលព័ត៌មាន និង​ការ​ផ្សព្វ​ផ្សាយ​បំ​ភ្លើស​ខុសពី​ការ​ពិត​នោះ​ទេ។ ជា​មួយ​គ្នា​នេះ​ លោកស្វាយ ស៊ីថា ក៏បាន​ផ្តាំ​ផ្ញើ​ឲ្យ​សមាជិក​សមាជិកាទាំង​ចាស់​ ទាំង​ថ្មី ត្រូវ​មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ និង​បញ្ចប់​នូវ​ការ​លាប​ពណ៌​គ្នា​ដែល​នាំ​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ ប៉ះ​ពាល់​ដល់​សតិអារម្ម​ណ៍​នៃ​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ លោក ស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ និង​អាជ្ញាធរមាន​សមត្ថកិច្ច​ត្រូវ​យក​ចិត្ត​ទុកដាក់​បំ​រើ​សេវាសាធារណៈឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ និង​ខិត​ខំ​លុប​បំ​បាត់​ឲ្យ​អស់​នូវ​ក្រុម​​បង​តូច បងធំ និង​ការ​ប្រើ​ប្រាស់​ ជួញ​ដូរគ្រឿង​ញៀន​ និង​គិត​គូរិះ​រក​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈមនានាជូន​​​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា​។​

​ក្នុង​ពិធីប្រកាសទទួល និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធក្នុងមូលដ្ធាន លោក ស្វាយ ស៊ីថា ក៍បានឧប្ថម្ភថវិកា មួយចំនួនដើម្បីជួសជុុលផ្លូវក្នុងភូមិថ្មីប្រវែង ១៧៨០ ម៉ែត្រ ។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធ​ស្នាល និងជាភាតរៈបំផុតដោយសមាជីក សមាជិកាទាំងអស់បានពិសារអាហារសាមគ្គីរួមគ្នា​៕