(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោក កាស៊ូយូគី ណាកាណេ Kazuyuki NAKANE អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន និងប្រតិភូដែលបំពេញទស្សនៈកិច្ចនៅខេត្តសៀមរាប។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បានអបអរសាទរខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនង់ជាមិត្តភាពរវាងជប៉ុន-កម្ពុជា ជាពិសេសការសម្ពោធឲ្យដំណើរការ នូវការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងកំពង់ធំ។
ស្របពេលដំណើរការ នូវការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប២០១៨ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន សូមឲ្យមានការហោះហើរត្រង់ ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាប ដើម្បីឲ្យភ្ញៀវទេសចរកើនឡើងថែមទៀត។
សូមជម្រាបថា បើតាមអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅឆ្នាំ២០១៦ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,០៤២,៨០១នាក់ បើប្រៀបធៀបឆ្នាំ២០១៥ ចំនួន៥,០១១,៣១៦នាក់ កើនឡើង០.៦២% ហើយឆ្នាំ២០១៧ ភ្ញៀវទេសចរ សរុបចំនួន ៥,៥៤៣,៤៣៤នាក់ កើន៩,៣% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ចំនួន២,៤៥៧,២៨២នាក់ កើនឡើង១១,៤២% បើធៀបនឹងឆ្នាំ២០១៦, ភ្ញៀវទេសចរជាតិ ចំនួន៣,០៨៦,១៥២នាក់ កើនឡើង ៨,៧៧% បើធៀបនឹងឆ្នាំ២០១៦។ ភ្ញៀវទេសចរជប៉ុន មានចំនួន ១៣,៦១៥នាក់ ជាប់ចំណាត់ថ្នាក់លេខ៥៕