(កំពង់ធំ)៖ ក្រោមការជួយជ្រោមជ្រែងកៀរគររកជំនួយពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវទេសចរណ៍ និងកុំព្យួរមួយខ្នង បានផុសចេញជារូបរាងឡើងលើទឹកដីស្រុកបារាយណ៍ ជាមួយការសាទរត្រេកអរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ពិសេសនិស្សានុសិស្សក្នុងមូលដ្ឋាន។
អគារសិក្សាខាងលើនេះ មានឈ្មោះថា «សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ កុំព្យួទ័របឋម កសិទេសចរណ៍ និងសេវាកម្មទេសចរណ៍» ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន និងលោក Edouard GEOREG ប្រធានក្រុមហ៊ុន PHOENIX Voyages ដែលជាម្ចាស់ជំនួយឧបត្ថម្ភថវិកាកសាងអគារសិក្សាមួយនេះ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានកម្ពស់២ជាន់នេះ សាងសង់ឡើងដោយប្រើប្រាស់ថវិកាជិត៦ម៉ឺនដុល្លារអាមេរិក អាចទទួលបង្រៀនសិស្សបាន៤៥នាក់ ក្នុង១ជាន់ ក្នុងនោះមានទទួលបណ្ដុះបណ្ដាលលើជំនាញកុំព្យួទ័រ ទេសចរណ៍ ព័ត៌មានវិទ្យា និងជំនាញកសិកម្មកម្រិតបឋម ក៏ដូចជាបណ្ដុះបណ្ដាលដល់បុគ្គលិកដែលបម្រើសេវាតាមពិធីមង្គលការ ពិធីបុណ្យផ្សេងៗនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន ឲ្យក្លាយជាបុគ្គលិកដែលមានជំនាញប្រកបគុណភាព ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក Edouard GEORGES បានបញ្ជាក់ថា បានជាលោកជួយឧបត្ថម្ភការកសាងសាលាមួយនេះ ជូនដល់កូនចៅរបស់ប្រជាពលរដ្ឋនៅស្រុកបារាយណ គឺដោយសារលោកស្រលាញ់ស្រុកបារាយណ៍ និងប្រជាពលរដ្ឋនៅទីនោះ ដូចជាស្រុកកំណើតរបស់លោកផងដែរ ដោយលោកក៏ធ្លាប់បានជួយបង្កើតប្រព័ន្ធផលិតទឹកស្អាតមួយនៅភូមិស្វាយ ស្រុកបារាយណ៍ ដែលបានចំណាយថវិកាជិត១៣ម៉ឺនដុល្លារ ហើយបានដាក់ឲ្យប្រើប្រាស់រួចហើយ តាំងពីឆ្នាំ២០១៤។
សប្បុរសជនជនជាតិបារាំងរូបនេះ បានបន្តថា «ខ្ញុំនឹងជួយឧបត្ថម្ភកសាងមន្ទីរសម្ភពព្យាបាល និងគិលានុបដ្ឋានមួយទៀត នៅលើទឹកដីជាទីស្រលាញ់នេះ»។
អភិបាលស្រុកបារាយណ៍ លោក ហាក់ ម៉ុងហួត រួមជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមូលដ្ឋាន បានបង្ហាញនូវក្ដីត្រេកអរយ៉ាងខ្លាំង នៅពេលទទួលបានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មីសន្លាងមួយនេះ ពីព្រោះនេះជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សក្នុងមូលដ្ឋាន ដើម្បីទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ សំដៅចាប់យកឱកាសការងារល្អមួយនាពេលអនាគត។
សូមជម្រាបថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ កុំព្យួទ័របឋម កសិទេសចរណ៍ និងសេវាកម្មទេសចរណ៍មួយនេះ មានទីតាំងស្ថិតនៅភូមិស្វាយ ឃុំបារាយណ៍ ក្នុងរង្វង់មណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ៕