(ព្រៃវែង)៖ លោក ស្ដើង សុខុម អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកកំចាយមារមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោមការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង។
ក្នុងពិធីបញ្ចូលសមាជិកថ្មីមកពីគណបក្សដទៃប្រមាណជិត ៥០០នាក់នៅឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង លោក ស្តើង សុខុម បានរំលឹកថា ក្រោយថ្ងៃរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មានរយៈពេល ៣៩ឆ្នាំ ប៉ុន្តែកម្ពុជាបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងទើបតែ ២០ឆ្នាំប៉ុណ្ណោះ តែការអភិវឌ្ឍរបស់កម្ពុជាមានល្បឿនលឿន។
បើតាមលោក ស្ដើង សុខុម សន្ទុះនៃការអភិវឌ្ឍនេះ ក៏ដោយសារការដាក់ចេញនូវគោលនយោបាយបានត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាមានដូចជា៖ ដាច់ខាតត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព, អភិវឌ្ឍន៍ធនធានមនុស្ស ព្រោះប្រទេសជាតិមួយ ឬគ្រួសារមួយអាចរីកចម្រើនជឿនលឿនទៅបានទាល់តែមានមនុស្សពូកែ ដូច្នេះហើយទើបរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនបានផ្ដល់អទិភាពណាស់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។
«តទៅមុខទៀតរាជរដ្ឋាភិបាលនឹងធ្វើអី? គោលនយោបាយរបស់គណបក្សប្ដេជ្ញាថា នឹងអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានកំណើនជុំវិញ ៧ភាគរយរៀងរាល់ឆ្នាំ។ នៅប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនសេដ្ឋកិច្ចជុំវិញ ៧ភាគរយហ្នឹង ២ទសវត្សហើយ។ អ៊ីចឹងកំណើនហ្នឹងឯង បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ យើងមានអគារខ្ពស់ មានផ្លូវ មានសាលារៀន មានមន្ទីរពេទ្យល្អជាងមុន និងប្រជាជនមានចំណូលខ្ពស់ជាងមុន!»។ លោក ស្តើង សុខុម បានគូសបញ្ជាក់។
លោក សុខុម បានបន្ថែមថា ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ដែលធៀបចេញពីចំណូលសរុបមានដល់ជាង ១,៤០០ដុល្លារ ហើយតាមរយៈនេះអ្នកសេដ្ឋកិច្ចបានវាយតម្លៃថា កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រចូលមកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នោះទេ ហើយបានតាំងចិត្តនៅក្នុងផែនការមួយយ៉ាងច្បាស់ថានៅឆ្នាំ២០៣០ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
លោក ស្តើង សុខុម ដែលមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដែរនោះ បានគូសបញ្ជាក់ថា «តាមការព្យាករណ៍ជាវិទ្យាសាស្ត្រ បើយើងនៅតែរក្សាបានសុខសន្តិភាព នៅតែរក្សាបានកំណើនអភិវឌ្ឍន៍ប្រហាក់ប្រហែលហ្នឹង នៅឆ្នាំ២០៥០ យើងនឹងក្លាយជាប្រទេសមានចំណូលខ្ពស់ក្លាយជាប្រទេសអ្នកមានហ្នឹងគេ មានន័យថា ទំហំសេដ្ឋកិច្ចធំ ដែលបានមកពីចំណូលពលរដ្ឋច្រើន»។
លោក សុខុម បានអះអាងថា ឲ្យតែកូនខ្មែរប្ដេជ្ញាថែរក្សាសុខសន្តិភាពឲ្យបាន ប្ដេជ្ញាខំរៀនសូត្របង្កើនជំនាញកាន់តែល្អ ស្របពេលរាជរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគមកកាន់តែច្រើន នោះប្រាក់ខែរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់មិនខាន។ លោកបន្តថា ចំនួនប្រជាពលរដ្ឋនៅកម្ពុជាងាយស្រួលអភិវឌ្ឍន៍ណាស់ឲ្យតែកុំឈ្លោះគ្នា។
លោក ស្តើង សុខុម ក៏ឆ្លៀតរិះគន់ទៅលើសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលអស់សិទ្ធិធ្វើនយោបាយផងដែរ។ លោកថា ទង្វើរញុះញង់កុំឲ្យប្រទេសទិញទំនិញពីកម្ពុជារបស់ថ្នាក់ដឹកនាំគនបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយចោល ជាការបោកឆ្នាំងបាយរបស់យុវជន ដូច្នេះប្រជាពលរដ្ឋមិនអាចផ្ញើវាសនាលើបុគ្គលគិតប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខ្លួនមិនគិតពីប្រទេសជាតិនោះឡើយ។
អនុប្រធានទី១នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំចាយមារ បានថ្លែងអំណរគុណចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកដឹកនាំប្រទេសកម្ពុជារយៈពេល៣៩ឆ្នាំកន្លងមកនេះ ហើយរំពឹងការគាំទ្រនេះនឹងមាននៅគ្រប់ពេលនៃការបោះឆ្នោត។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល លោក ស្តើង សុខុន និងគណៈអធិបតី បានអញ្ជើញទៅពិនិត្យដំណើរការសាសាងសង់សមិទ្ធផលនានា ទូទាំងស្រុកកំចាយមារ ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕